រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ដោយសង្ស័យថា ពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ តែមិនបានសម្រេច បណ្តាលអោយស្ត្រីរងគ្រោះដួលម៉ូតូរងរបួស ចំណែកក្រុមជនសង្ស័យជិះគេចខ្លួន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯង។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង១៥នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយត្រូវប្រជាពលរដ្ឋដេញឃាត់ខ្លួន បាននៅក្នុងមូលដ្ឋាន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ១-ឈ្មោះ ជឿន សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិអណ្តូងទី៦ និង២-ឈ្មោះ លុយ វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិធ្លាក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាកស្លាកលេខ កំពត ១D-៦៣៣៩ ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់កាបូបឈ្មោះខុន សុខា អាយុ៤២ឆ្នាំ មានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមជនរងគ្រោះជាម្ចាស់កាបូបបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងតែម្ចាស់ឯង គោលបំណងទៅទិញថ្នាំពេទ្យនៅពោធិ៍ចិនតុង ខណៈពេល ធ្វើដំណើរមកដល់កន្លែងកើតហេតុ មុខផ្សារឡាក់គី ក្នុងសង្កាត់គោកឃ្លាង ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកប៉ះ បណ្តាលអោយគាត់ដួលម៉ូតូផ្កាប់មុខ និងរងរបួសដៃជើងតែម្តង ។ ស្ត្រីរូបនោះបានអោយដឹងទៀតថា គាត់ពុំដឹងថា ជនសង្ស័យឆក់កាបូបពិតប្រាកដឬយ៉ាងណានោះទេ ។
តាមប្រភពពីសាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ហើយជនសង្ស័យ២នាក់នោះ បានជិះម៉ូតូមកអែបស្ត្រីរងគ្រោះធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច បណ្តាលអោយស្ត្រីរងគ្រោះជាម្ចាស់កាបូបដួលម៉ូតូ ។
តាមប្រភពពីសាក្សីបានឱ្យដឹងបន្តថា ភ្លាមៗអ្នកដំណើរក៍បាននាំគ្នាដេញតាមស្រែកចោរ ៗ នៅពេលមកដល់មូលដ្ឋានសង្កាត់កាកាប១ ហួសផ្លូវរថភ្លើងបានបន្តិច ជនសង្ស័យ ក៍បានដួលម៉ូតូដោយខ្លួនឯងហើយ ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបាន រួចប្រគល់អោយនគរបាលប៉ុស្តិ៍ កាកាបទី១ ។
ដោយឡែក ជនសង្ស័យបានធ្វើការបដិសេធថា មិនបានធ្វើសកម្មភាពឆក់ឡើយ គ្រាន់តែជិះម៉ូតូប៉ះតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ក៏បានបញ្ជូនទៅប៉ុស្តិ៍នគរបាលគោកឃ្លាង ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព