ថ្ងៃនេះយើងលើកយកពូជឆ្មាមួយប្រភេទដែលធានាថាអ្នកប្រាកដជាមិនធ្លាប់បានឃើញ។នោះគឺជាឆ្មាលើវាលខ្សាច់
ឆ្មាវាលខ្សាច់ពេញវ័យមានទំងន់ពី 2-4 គីឡូក្រាមពួកវាមានពណ៌ត្នោតស្លេកឬទៅជាពណ៌ប្រផេះស្រាល។ មានត្រចៀកធំៗរាងជាត្រីកោណដែលធ្វើឲ្យវាមានសមត្ថភាពពិសេសក្នុងការស្តាប់សម្លេងក្នុងភាពស្ងប់ស្ងាត់បំផុតទោះបីជាសម្រិបជើងឬរំញ័រសត្វដទៃនៅលើខ្សាច់ក៏ដោយ។ ហើយបើទោះជាវាស្ថិតនៅក្រោមដីនៃជម្រករបស់វាក៏ដោយក៏វានៅតែអាចស្តាប់លឺសម្រិបជើងសត្វឬសត្រូវរបស់វាដែរ។
ម៉្យាងវិញទៀតវាគឺជាឆ្មាដែលមានសម្លេងលឺខ្លាំងខុសពីឆ្មាធម្មតា
អាហារពិសេសរបស់ពួកវាគឺ កណ្តុរ បក្សី ទន្សាយ សត្វល្មូននិងសត្វល្អិតផ្សេងៗជាដើម។ វាគឺជាអ្នកជំនាញរកចំណីដ៏ល្អបំផុតដោយសារតែពួកវាមានជំនាញជីករស់នៅក្រោមដីដែលងាយស្រួលក្នុងការចាប់ចំណី។
លក្ខណៈពិសេសរបស់ឆ្មាវាលខ្សាច់គឺវាអាចរស់នៅបានដោយមិនចាប់បាច់ផឹកទឹកដោយវាទទួលជាតិពីចំណីដែលវាប្រមាញ់សម្រាប់ធ្វើជាអាហារប៉ុណ្ណោះ។
ភាគច្រើនឆ្មាទាំងនេះសំបូរនៅតំបន់ថ្មនិងខ្សាច់ដូចជានៅអារ៉ាប់ វាលខ្សាច់សាហារ៉ាពីប្រទេសម៉ារ៉ុករហូតដល់ម៉ូរីតានីទៅអេហ្ស៊ីបនិងស៊ូដង់រួមទាំងអាស៊ីកណ្តាលនិងប៉ាគីស្ថាន៕