ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មិនមានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីនោះឡើយ ដោយរក្សាចំនួនឆ្លងសរុបត្រឹម ១៣០នាក់ ក្នុងនោះ ១២៨នាក់ ជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ទោះបីមិនស្ថានភាពកូវីដ ១៩ ទូទាំងប្រទេស ហាក់មានស្ថិរភាពក្តី ប៉ុន្តែរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ នៅតែបន្តរឹតបន្តឹងលើវិធានការសង្គមដោយរាប់បញ្ចូលទាំងគម្លាតចម្ងាយពីគ្នា ផ្អាកដំណើរការក្លិបកម្សាន្ត ហាងផឹកស៊ី និងខារ៉ាអូខេ ក៏ដូចជាសេវាកម្មផ្សេងៗទៀត ដែលអាចបង្កើនហានិភ័យឆ្លងជាចង្កោមនៅក្នុងសហគមន៍ពលរដ្ឋរស់នៅ។
ជាមួយគ្នានេះ ទោះបីមានការធ្វើដំណើរចេញចូលប្រទេសមិនបានផ្អាកក្តី ប៉ុន្តែក្រុមមន្ត្រីជំនាញ នៅតែបន្តរឹតបន្តឹងតាមរយៈការធ្វើចក្តាឡីស័ករយៈពេល ១៤ថ្ងៃ ទាំងពលរដ្ឋខ្មែរ និងជនបរទេសទើបចូលមកដល់ទឹកដីកម្ពុជា។
ត្រឹម ២៤ម៉ោងម្សិលមិញ សំណាកសរុប ៦០១នាក់ ត្រូវបានគេយកធ្វើតេស្តរកកូវីដ ១៩ ប៉ុន្តែមិនបានរកឃើញករណីឆ្លងថ្មីនោះឡើយ ដោយមកទល់នឹងពេលនេះ កម្ពុជាបានធ្វើតេស្តសំណាកសរុប ៣៣ ៨១២សំណាករួចមកហើយ៕ ដោយ៖ ត្នោត