យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រុមហ៊ុន Virgin Galactic បានឲ្យដឹងថា ការសាកល្បងលើកទី២ របស់ក្រុមហ៊ុនទៅលើយានអវកាស Unity ហាក់ដូចជាទទួលបានជោគជ័យ ។ ឥឡូវនេះ យានអវកាសនឹងបន្ដធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត ដោយត្រៀមសម្រាប់ពេលណាមួយ ដែលវានឹងហោះហើរទៅកាន់ទីអវកាស ។
ការហោះហើរចេញពីទី Spaceport America ថ្មីរបស់ខ្លួននៅវាលខ្សាច់ញូវម៉ិកស៊ិកនោះ ក្រុមហ៊ុនរុករកអវកាស Virgin Galactic បានសាកល្បងប្រកបដោយជោគជ័យជាលើកទី២ លើយាន Unity ដែលជាយានអវកាស SpaceShipTwo កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា។ ការហោះហើរសាកល្បងលើកដំបូងសម្រាប់យាន Unity គឺធ្វើឡើងកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមក្រុមហ៊ុន Virgin Galactic បានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងយាននេះពាក់ព័ន្ធនឹងយន្ដហោះដឹកទំនិញដ៏ធំមួយ គឺយន្តហោះ Eve បានហោះឡើងជាមួយយាន Unity ហើយបញ្ចេញយាន Unity ក្នុងរយៈកម្ពស់ ៥១,០០០ ហ្វីត (ប្រហែលជាង១៥គីឡូម៉ែត្រ) បន្ទាប់ពីនោះ យាន Unity បានហោះចេញពីយន្តហោះ Eve ក្នុងល្បឿនប្រហែល ៦៥០ ម៉ាយ (ប្រហែល១០៤៦ គីឡូម៉ែត្រ) ក្នុងមួយម៉ោង ។
លោក George Whitesides នាយកប្រតិបត្តិក្រុមហ៊ុន Virgin Galactic បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា“ ខ្ញុំពិតជារំភើបជាមួយនឹងការខិតខំរបស់ក្រុមការងារដើម្បីបញ្ចប់ការហោះហើរសាកល្បងនៅថ្ងៃនេះដោយជោគជ័យ” ។ “ វាជាការសាកល្បងដ៏សំខាន់មួយដែលរង់ចាំការត្រួតពិនិត្យទិន្នន័យ មានន័យថា ឥឡូវនេះ យើងអាចចាប់ផ្តើមរៀបចំយាននេះសម្រាប់ការហោះហើរដោយប្រើថាមពល ។ ការផ្តោតរបស់យើងនៅក្នុងឆ្នាំនេះ នៅតែមិនមានការផ្លាស់ប្តូរ លើការធានាយាន និងប្រតិបត្តិការរបស់យើងត្រូវបានត្រៀមសម្រាប់សេវាកម្មហោះហើរយានអវកាសពាណិជ្ជកម្មជាទៀងទាត់ក្នុងរយៈពេលវែង» ។
ប្រសិនបើការធ្វើតេស្តសាកល្បងនេះអាចជោគជ័យលើ“ការត្រួតពិនិត្យទិន្នន័យទូលំទូលាយ”នោះ ក្រុមហ៊ុននឹងបន្តធ្វើតេស្តសាកល្បងជាមួយគ្រាប់រ៉ុក្កែតបន្តទៀត ។
តាមពិតទៅ ក្រុមហ៊ុន Virgin Galactic មានគោលបំណងផ្តល់ជូនការធ្វើដំណើររយៈពេល៩០នាទីទៅកាន់គែមអវកាសតាមយានដូច Unity នេះ ដែលអាចដឹកអ្នកទេសចរអវកាស៦នាក់ ។ ក្រុមហ៊ុន Virgin Galactic បានប្រាប់ទៅកាន់ម្ចាស់ភាគហ៊ុនរបស់ខ្លួនថា ពួកគេរំពឹងថា នៅឆ្នាំក្រោយនេះ នឹងទទួលបាននូវប្រាក់កម្រៃ ។ កាលពីខែមុន ស្ថាបនិក Richard Branson បានប្រកាសថា លោកអាចលក់ភាគហ៊ុនផ្ទាល់ខ្លួន៥០០លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន Virgin Galacticនេះ ដែលជាកិច្ចការមួយខិតខំដោះស្រាយចំពោះបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន ៕