រាជធានីភ្នំពេញ ៖ ការវិនិយោគនាពេលបច្ចុប្បន្នហាក់មានសន្ទុះខ្លាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា បើទោះបីពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ក្តី ។ យ៉ាងណាមិញ អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចម្នាក់បានលើកឡើងនៃការវិនិយោគទៅលើផ្នែកអចលនទ្រព្យអន្តរជាតិវិញម្តងក៏ព្រោះថា ជារើយៗលោកតែងតែចែករំលែកបទពិសោធន៍របស់លោកដែលទាក់ទងក្នុងស្រុក ។
លោកង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជាបានឱ្យដឹងថា យោងតាមក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE អត្រាកំណើនតម្លៃជាមធ្យមប្រចាំឆ្នាំគឺ៖ ១ – ក្នុងការវិនិយោគលើដីធ្លីគឺ ១២% ២ – ក្នុងការវិនិយោគលើការិយាល័យសំរាប់ជួល គឺ៥% ៣ -ក្នុងការវិនិយោគលើខុនដូ គឺចន្លោះពី៥-៦% ។
តាមអត្រាចំណញជាមធ្យមប្រចាំឆ្នាំខាងលើបង្ហាញថា ការវិនិយោគលើដីធ្លីអាចទទួលបានផលចំណេញខ្ពស់ជាងគេបង្អស់ ។ ប៉ុន្តែសួរថា តើត្រូវវិនិយោគលើដីធ្លីតំបន់ណា ? លោកបានបន្តថា «យោងតាមទិន្នន័យតម្លៃដីធ្លីដែលខ្ញុំបានអង្កេតចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន គឺរយៈពេល១៣ឆ្នាំកន្លងមកតម្លៃដីនៅកណ្តាលក្រុងភ្នំពេញ (តំបន់បឹងកេងកង) កាលពីឆ្នាំ២០០៧ មានតម្លៃប្រហែល៣៥០០ដុល្លាក្នុង១ម៉ែត្រការ៉េ បច្ចុប្បន្នមានតម្លៃប្រហែល៧០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
លោកបានបន្ថែមដូចនេះថា ដោយឡែកតម្លៃដីនៅជាយក្រុង (ដូចជា តំបន់កប់ស្រូវ) មានតម្លៃប្រហែល១០ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នមានតម្លៃប្រហែល១៥០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
សរុបមកក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ដីនៅកណ្តាលក្រុងភ្នំពេញមានកំណើនផ្គួបប្រចាំឆ្នាំតែ៥,៤៨% រីឯដីនៅជាយក្រុងមានកំណើនផ្គួបប្រចាំឆ្នាំរហូតដល់២៣,១៦% ។
នៅពីក្រោយភាពខុសគ្នានេះ មានកត្តាជាច្រើនដូចជា កត្តាសេដ្ឋកិច្ច កត្តាប្រជាសាស្ត្រ កត្តាកំរិតចំណូលផ្សេងៗគ្នាក្នុងចំណោមពលរដ្ឋ ។ល។ សរុបមកនៅក្នុងកិច្ចការវិនិយោគ ប្រសិនបើយើងមិនបានប្រឡូកអោយស៊ីជំរៅ អោយបានយូរ (ពី១០-២០ឆ្នាំ) និងពិនិត្យក្នុងរូបភាពទូលំទូលាយនោះទេ យើងពិបាកនឹងយល់ការរាក់ជ្រៅ និងមិនអាចមានមូលដ្នានក្នុងការសំរេចចិត្តបានល្អឡើយ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព