
កូរ៉េខាងត្បូង ៖ Taeyeon អតីតប្រធានក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Girls ‘Generation បានលើកឡើងថា នាងមានអារម្មណ៍ថា ខ្លួនបានបាត់បង់ការងារស្ទើរតែទាំងស្រុង អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។
តាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម Instagram នាពេលថ្មីៗនេះ Taeyeon បាននិយាយទៅកាន់អ្នកគាំទ្រអំពីការរីករាលដាលនៃជំងឺរាតត្បាត និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង អំឡុងពេលឃ្លាតឆ្ងាយពីសង្គម។
នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំបានបើកការឡាយផ្ទាល់នេះ សម្រាប់អ្នកដែលប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្នាក់នៅផ្ទះ និងដើម្បីឃ្លាតឆ្ងាយសង្គម។ និយាយដោយស្មោះត្រង់ ខ្ញុំគិតថាមនុស្សគ្រប់គ្នាមានអារម្មណ៍ដូចៗគ្នា។ មនុស្សគ្រប់គ្នាប្រហែលជាមានអារម្មណ៍ធុញទ្រាន់ គ្មានទីពឹង ហើយស្ទើរតែបាត់បង់ភាពជាខ្លួនឯង សូម្បីតែគ្មានមិនបានឆ្លងវីរុសនេះ។ វាពិតជាពិភពឯកោខ្លាំងណាស់។
នាងបានបន្តទៀតថា «ខ្ញុំសោកស្តាយណាស់ ដែលមានឱកាសតិចតួចបំផុត ដើម្បីជួបអ្នករាល់គ្នា (អ្នកគាំទ្រ)។ លើសពីការធ្វើជាម្ចាស់ផ្ទះ ខ្ញុំចង់ច្រៀង និងសម្តែង។ ឱកាសទាំងនេះ វាត្រូវបានបាត់បង់។ វាហាក់ដូចជាមេរោគឆ្លងនឹងបាត់ទៅវិញ ប៉ុន្តែវាកាន់តែយ៉ាប់យ៉ឺនទៅៗ ដែលធ្វើឲ្យខ្ញុំបាត់បង់ថាមពល។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់ការងារ។ ខ្ញុំមិនអាចសម្តែង និងធ្វើការប្រគុំតន្ត្រីបាន។ ខ្ញុំស្ទើរតែយំ»។
សូមបញ្ជាក់ថា Taeyeon ដែលមានការប្រគុំតន្ត្រីនៅប្រទេសសិង្ហបុរីកាលពីខែកុម្ភៈ ត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ស្របពេលដែលមកទល់ពេលបច្ចុប្បន្នកូរ៉េខាងត្បូង នៅតែបន្តរឹតបន្តឹងច្បាប់ក្នុងប្រទេស ដើម្បីទប់ស្កាត់ការពារការឆ្លងរីករាលនៃវីរុសនេះ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព