លីបង់មាននាយករដ្ឋមន្ត្រីថ្មី ក្រោយផ្ទុះកំពង់ផែបេរូតខូចខាតជាង៨ពាន់លានដុល្លារ
ប្រទេសលីបង់ ៖ ប្រទេសលីបង់កាលពីថ្ងៃទី៣១ សីហា មាននាយករដ្ឋមន្ត្រីថ្មីហើយដែលជាឯកអគ្គរដ្ឋទូតលីបង់ប្រចាំអាល្លឹម៉ង់ លោក MOUSTAPHA ADIB អាយុ៤៨ឆ្នាំ ដែលបានសន្យាអនុវត្តដោយរួសរាន់ការកែទម្រង់ដូចការទាមទាររបស់សហគមន៍អន្តរជាតិ ។ ការជ្រើសតាំងរូបលោកកើតមានប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការមកដល់លីបង់របស់ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង ។
ប្រមុខរដ្ឋបារាំងដែលមកកាន់លីបង់ ជាលើកទី២ ចាប់តាំងពីការផ្ទុះដ៏សាហាវសម្លាប់មនុស្សច្រើននាក់និងបង្កការបំផ្លាញដ៏មហាសាល កាលពីថ្ងៃទី៤ សីហា ។ ការផ្ទុះនោះបានជម្រុញជាពិសេសឲ្យបណ្ដាមេដឹកនាំលីបង់ ធ្វើការកែទម្រង់ដោយស៊ីជម្រៅប្រព័ន្ធនយោបាយរបស់ប្រទេស ។ លទ្ធផលដំបូងនៃការគាបសង្កត់នោះគឺការជ្រើសតាំងបាននាយករដ្ឋមន្ត្រីមួយរូប ៣សប្ដាហ៍ក្រោយការសុំលាលែងរបស់នាយករដ្ឋមន្ត្រី លោក HASSAN DIAB ក៏ព្រោះតែការផ្ទុះដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់ទៅយ៉ាងតិច ១៨៨នាក់និងរបួសជាង៦.៥០០នាក់ ក្នុងនោះបណ្ដាអ្នកនយោបាយត្រូវបានគេទម្លាក់ការទទួលខុសត្រូវ ។
ការផ្ទុះនៅកំពង់ផែក្រុងបេរូតតាមការវាយតម្លៃរបស់ធនាគារពិភពលោកថា បណ្ដាលឲ្យមានការខូចខាតនិងការបង់ខាតខាងសេដ្ឋកិច្ចរវាងពី៦,៧ទៅ៨,១ពាន់លានដុល្លារ ហើយលីបង់ត្រូវការជំនួយបន្ទាន់រវាងពី៦០៥ទៅ៧៦០លានដុល្លារ ។ នេះជាការអះអាងកាលពីថៃ្ងទី៣១ សីហារបស់ធនាគារពិភពលោក ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព