ស្កុតឡេន ៖ កូនចៀមពូជ Texel ដែលមានឈ្មោះថា Double Diamond ហើយត្រូវបានពិពណ៌នាដោយមនុស្សជាច្រើនថា ជាសត្វចៀមពូជល្អឥតខ្ចោះ នាពេលថ្មីៗនេះបានក្លាយជាសត្វចៀមថ្លៃជាងគេបំផុតនៅលើពិភពលោក ដោយមានគេបញ្ជាទិញក្នុងតម្លៃ ៤៩ម៉ឺនដុល្លារអាមេរិកនៅឯការដេញថ្លៃមួយនៅស្កុតឡេន។
ចៀមដែលមានដើមកំណើតមកពីកោះតូចមួយ នៅឯឆ្នេរសមុទ្រហូឡង់ បានបញ្ជាទិញតម្លៃ៥ខ្ទង់ដុល្លារជាប្រចាំ នៅឯការដេញថ្លៃដោយសារសាច់ និងរោមចៀមដែលគ្មានខ្លាញ់។ ដោយឡែក Double Diamond ដែលជាកូនចៀមឆ្នើមដែលមានពូជល្អបំផុត មានអ្នកបង្កាត់ពូជចៀមនៅចក្រភពអង់គ្លេស ហ៊ានជះលុយដេញថ្លៃយក ដើម្បីអាចធ្វើជាម្ចាស់របស់វា។ នៅពេលកន្លងមក ក៏ធ្លាប់មានអ្នកមកដេញថ្លៃចង់បាន Double Diamond ដែរ។
មុនពេលដាក់ដេញថ្លៃ អ្នកបង្កាត់ពូជចៀម ដែលហ៊ានទិញយក Double Diamond ឈ្មោះ Jeff Aiken និងអ្នកបង្កាត់ផ្សេងទៀត បានប្រជែងតម្លៃគ្នា។ តែដោយសារតែថ្លៃចេះតែឡើងពេកទៅ អ្នកបង្កាត់ពូជ៣នាក់ បានសម្រេចចិត្តចូលហ៊ុនគ្នា ដើម្បីអាចទិញយក Double Diamond បាន។ អ្នកទាំងបីបានយកឈ្នះលើការដេញថ្លៃនេះ ដោយហ៊ានជះប្រាក់ចំនួន ៤៩ម៉ឹនដុល្លារអាមេរិក។ កាលពីឆ្នាំ២០០៩ តម្លៃចៀមដែលថ្លៃជាងគេមានតម្លៃ ៣០ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ។
វាសនារបស់សត្វចៀមមហាថ្លៃមួយក្បាលនេះ គឺកាន់តែមានសំណាងជាងមុនទៅទៀត ក្រោយទៅដល់ដៃម្ចាស់ថ្មី។ ម្ចាស់ទាំង៣របស់វា នឹងដាក់វានៅក្នុងកសិដ្ឋានរបស់ពួកគេ ដោយចិញ្ចឹមឱ្យកាន់តែមានតម្លៃថ្លៃជាងមុន។ គេនឹងយកទឹកកាមរបស់វាទុក នៅពេលវាពេញវ័យ ដើម្បីបង្កាត់ពូជជាមួយនឹងចៀមផ្សេងទៀត ឱ្យកូនមានពូជល្អដូចវា៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព