ដោយសារតែមានបញ្ហាវិបត្ដិជាច្រើន នៅជុំវិញពិភពលោក ពិបាកដោះស្រាយ ទើបប្រធានាធិបតីបារាំង មានគម្រោងចង់ពិភាក្សាជាមួយនឹងសមភាគីរុស្ស៊ី ស្ដីអំពីបញ្ហាស្ថិរភាពយុទ្ធសាស្រ្ដប្រកដប្រជាមួយ។
រដ្ឋបាលរបស់ប្រធានាធិបតីបារាំង បានថ្លែង កាលពីថ្ងៃទី២៤ ខែមិថុនា ថា លោក Emmanuel Macron ប្រធានាធិបតីបារាំង ចង់ចរចាតាមរយ:វីដេអូខន់ហ្វីរ៉ែនជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃទី២៦ ខែមិថុនា។ ការចរចានេះ គឺផ្ដោតទៅលើស្ថិរភាពយុទ្ធសាស្រ្ដយូរអង្វែង។ ក្នុងន័យនេះ មេដឹកនាំកំពូលទាំង២ ត្រូវការធ្វើឲ្យប្រាកដនូវដំណើរការវិវឌ្ឍផ្សេងៗទៀត ក្នុងការដោះស្រាយវិបត្ដិនានា រួមទាំងបញ្ហាវិបត្ដិ នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
យោងតាមរដ្ឋបាលរបស់ប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ម៉ាក្រុង ត្រូវគេរំពឹងថា នឹងពិភាក្សាជាមួយលោក ពូទីន ស្ដីអំពីបញ្ហាស្ថិរភាពយុទ្ធសាស្រ្ដដ៏ប្រាកដប្រជាមួយ។ ក្នុងនោះមានទាំងស្ថានការណ៍ នៅក្នុងប្រទេសលីប៊ី អ៊ីរ៉ង់ និងបញ្ហាការរីករាលដាល នៃវីរុសកូរ៉ូណា ឬកូវីដ១៩ ផងដែរ។ ក្រៅពីនេះ មេដឹកនាំកំពូលទាំង២ នឹងលើកយកបញ្ហាវិបត្ដិធ្ងន់ធ្ងរ ថ្លែង នៅក្នុងរបៀបវារ:របស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិថែមទៀតផង។
អ្នកនាំពាក្យរដ្ឋបាលបារាំង បានបញ្ជាក់ថា ប្រធានាធិបតីបារាំងជឿថា នេះជាចំណុចដ៏សំខាន់ត្រូវពិចារណារួមជាមួយរុស្ស៊ី ជុំវិញបញ្ហាលំបាកទាំងអស់ ក្នុងនាមកិច្ចសហប្រតិបត្ដិការទ្វេភាគី ស្ថិរភាពតំបន់អឺរ៉ុប និងសន្ដិសុខតាមបណ្ដាញអ៊ិនធើរណេត ក្នុងចំណោមប្រទេសទាំងនោះ៕ ប្រែសម្រួលដោយ Nuon