យុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើឆ្នេរខ្សាច់មួយក្នុងស្រុក Sattahip កាលពីម្សិលមិញ។
ប៉ូលិសសង្កាត់ Na Jomtien ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះកាលពីរសៀលម្សិលមិញនៅលើឆ្នេរ Na Jomtien ។ ពេលទៅដល់កន្លែងកើតហេតុប៉ូលិស បុគ្គលិកសង្គ្រោះបន្ទាន់ និងកាសែត Pattaya បានប្រទះឃើញសាកសពបុរសជនជាតិថៃម្នាក់ឈ្មោះ Chaiwat Poeprasert អាយុ ២៥ ឆ្នាំដេកស្លាប់នៅលើឆ្នេរខ្សាច់ ដោយស្លៀកតែខោខ្លីមួយប៉ុណ្ណោះ ហើយនៅក្បែរនោះ បុគ្គលិកសង្គ្រោះក៏បានរកឃើញទូកមួយផងដែរ។ សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់។
ម្តាយរបស់ជនរងគ្រោះគឺអ្នកស្រី Wassana Poeprasert បានប្រាប់ប៉ូលិស Na Jomtien ថាជនរងគ្រោះបានជិះទូកលើសមុទ្រដើម្បីស្វែងរកសំបកខ្យងនៅពេលព្រឹក ដែលពេលនោះគាត់កំពុងតែរង់ចាំកូននៅលើឆ្នេរ។
គាត់បានបន្តថា ជនរងគ្រោះមិនបានត្រឡប់មកវិញទេ គឺឃើញតែទូកអណ្តែតនៅលើទឹក ហើយគាត់បានស្នើឱ្យអ្នកនេសាទក្នុងតំបន់ទាញទូកឡើងមកឆ្នេរវិញ បន្ទាប់មកស្រាប់តែគេប្រទះឃើញជនរងគ្រោះស្លាប់ដោយជាប់ខ្សែពួរនៅនឹងដៃហើយសាកសពនៅជាប់នឹងទូកនោះតែម្តង។
ប៉ូលិសជឿជាក់ថាជនរងគ្រោះប្រហែលជាជាប់ដៃនឹងខ្សែពួរហើយធ្លាក់ទៅក្នុងទឹកធ្វើឱ្យមិនមានកម្លាំងហែលទឹកបាន។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសនឹងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យរបស់គ្រូពេទ្យក្នុងតំបន់ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news