ក្រុមហ៊ុន Mercedes ចាប់ដៃគូជាមួយ Nvidia លើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង គ្រោងរៀបចំប្រព័ន្ធកែលម្អ
ក្រុមហ៊ុន Mercedes-Benz និង Nvidia បានប្រកាសនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ អំពីផែនការអភិវឌ្ឍន៍ប្រព័ន្ធកុំព្យូទ័រដែលមានលក្ខណៈទំនើប និងអាចកែលម្អបាន ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងនៅខាងក្នុងរថយន្ត ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានកាលពីសប្តាហ៍មុនបានផ្សាយថា ក្រុមហ៊ុន Mercedes និង BMW បានបញ្ចប់ភាពជាដៃគូក្នុងវិស័យបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ។
ភាពជាដៃគូថ្មីរបស់ក្រុមហ៊ុន Mercedes ជាមួយក្រុមហ៊ុន Nvidia នឹងឃើញថា ក្រុមហ៊ុនទាំងពីរបង្កើតប្រព័ន្ធកុំព្យូទ័រដែលគាំទ្របច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិត និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ ប្រព័ន្ធនេះនឹងត្រូវដាក់ឲ្យដំណើរការឆ្លងកាត់ប្រព័ន្ធ Fleet របស់ក្រុមហ៊ុន Mercedes ដែលចាប់ផ្តើមនៅឆ្នាំ២០២៤ ។
ប្រព័ន្ធកុំព្យូទ័រនឹងត្រូវបានបង្កើតឡើងជាមួយប្រព័ន្ធផ្នែករឹង (Hardware) ជំនាន់ចុងក្រោយរបស់ Nvidia ឬដែលត្រូវបានគេស្គាល់ថា អូរីន (Orin) ។ ក្រុមហ៊ុន Mercedes បានប្រកាសថា ដំបូង ប្រព័ន្ធនេះនឹងផ្តល់នូវសមត្ថភាពបើកបរដោយខ្លួនឯងកម្រិតទី២ និងកម្រិតទី៣ និងសមត្ថភាពចតរថយន្តដោយខ្លួនឯងកម្រិតទី៤ ដោយផ្អែកលើខ្នាត SAE (Society of Automotive Engineering)នៃសមត្ថភាពបើកបរដោយខ្លួនឯង ។
យោងទៅតាមក្រុមហ៊ុន Mercedesបញ្ជាក់ទៀតថា លក្ខណៈពិសេសមួយនឹងក្លាយជាសមត្ថភាពសម្រាប់រថយន្តដើម្បីរៀនពីរបៀបបើកបរដោយខ្លួនឯងនៅលើផ្លូវធម្មតា ដោយមិនគិតពីប្រភេទផ្លូវ ពោល គឺពីអសយដ្ឋានមួយទៅកន្លែងមួយទៀត ។ ក្រុមហ៊ុន Mercedes ព្រមទាំងក្រុមហ៊ុន Nvidia នឹងធ្វើការរួមគ្នាលើការអភិវឌ្ឍសមត្ថភាពទាំងនេះ ហើយទីបំផុតវាជាកម្រិតទី៤ និងទី ៥ ស្តីអំពីសមត្ថភាពបើកបរដោយខ្លួនឯង ។ កម្រិតទី៥ គឺជាដំណាក់កាលដែលរថយន្តអាចដំណើរការដោយគ្មានមនុស្សនៅលើរថយន្ត ។
ដោយសារបច្ចេកវិទ្យា និងបរិយាកាសបទប្បញ្ញត្តិជឿនលឿននៅក្នុងការគាំទ្រដល់ប្រព័ន្ធបើកបរដោយខ្លួនឯង ហើយមានសមត្ថភាពកាន់តែច្រើនទូលំទូលាយនោះ ម្ចាស់រថយន្តអាចធ្វើឱ្យប្រសើរឡើងនូវរថយន្តរបស់ពួកគេ តាមរយៈការធ្វើបច្ចុប្បន្នភាពខ្យល់អាកាសស្រដៀងនឹងអ្វីដែលក្រុមហ៊ុន Tesla ផ្តល់ជូនរួចហើយ ។
ក្រុមហ៊ុន Mercedes បានបញ្ជាក់ថា មុខងារសុវត្ថិភាព និងមុខងារងាយស្រួលផ្សេងទៀត ក៏នឹងត្រូវបានផ្តល់ជូនតាមរយៈការធ្វើបច្ចុប្បន្នភាពលើអាកាសផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat