ប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិកមានផែនការដកកម្លាំងមួយចំនួនចេញពីអាល្លឺម៉ង់ ឲ្យទៅឈរជើងខ្លះនៅក្នុងប្រទេសប៉ូឡូញ ។ ការថ្លែងបែបនេះ នៅពេលដែលលោកបានជួបប្រជុំជាមួយមេដឹកនាំប៉ូឡូញ លោក Andrzej Duda នៅសេតវិមាន នៅមុនរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ដែលប៉ូឡូញដល់ថ្ងៃរៀបចំបោះឆ្នោតសកល ។
លោក ត្រាំ បានថ្លែងថា យើងនឹងកាត់បន្ថយកងកម្លាំងរបស់យើងនៅប្រទេសអាល្លឺម៉ង់ពី៥២ ០០០ នាក់នៅត្រឹម ២៥ ០០០ នាក់ ។ កងកម្លាំងខ្លះក្នុងចំណោមនោះ វិលត្រឡប់មកមាតុភូមិ ហើយមួយចំនួនទៀតបញ្ជូនទៅកាន់ទីកន្លែងដទៃទៀត ។
មេដឹកនាំប៉ូឡូញបានហៅការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ បែបនេះថា ជាការសម្រេចចិត្តប្រកបដោយហេតុផលបំផុតមួយ ។ មេដឹកនាំប៉ូឡូញបានស្នើលោក ត្រាំ កុំដកកងកម្លាំងអាមេរិកចេញពីអឺរ៉ុបធ្វើអ្វី ពីព្រោះបញ្ហាសន្តិសុខនៅតំបន់អឺរ៉ុបជាកិច្ចការសំខាន់បំផុតសម្រាប់ប៉ូឡូញ ។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ ប៉ូឡូញចាប់ផ្តើមបោះឆ្នោតសកល ហើយមេដឹកនាំ Andrzej Duda កំពុងស្វះស្វែងរកការគាំទ្រដើម្បីជាប់ឆ្នោតដឹកនាំប្រទេសអាណត្តិទីពីរ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជំនួបជាមួយលោកដូណាល់ ត្រាំពេលនេះ គណបក្សប្រឆាំងប៉ូឡូញបានរិះគន់លោក Duda ថាជាការប៉ុនប៉ង់មួយដើម្បីអូសទាញអ្នកបោះឆ្នោតឲ្យគាំទ្រខ្លួន ។
លោកដូណាល់ ត្រាំបានថ្លែងថា ប្រធានាធិបតី Duda ដឹកនាំបានល្អប្រសើរនៅក្នុងប្រទេសប៉ូឡូញ ។ គាត់កំពុងធ្វើកិច្ចការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ។
សារព័ត៌មានប៉ូឡូញ Dziennik Gazeta Prawna បានផ្សាយថា យន្តហោះចម្បាំង F-16 ចំនួន៣០គ្រឿងរបស់អាមេរិក ដែលឈរជើងនៅអាល្លឺម៉ង់អាចនឹងបញ្ជូនទៅកាន់ប៉ូឡូញ ជាមួយកងកម្លាំងប្រហែល២ ០០០ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat