មួយរយៈចុងក្រោយកន្លងទៅនេះ ក្លិប Juventus ត្រូវបានគេរាយការណ៍ថា កំពុងតែដុតដៃដុតជើងដើម្បីធ្វើយ៉ាងណាចុះហត្ថលេខាយកខ្សែបម្រើ Arthur Melo ពីក្លិប Barcelona ឱ្យបាននៅរដូវក្តៅនេះ។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ បានក្លាយជាគោលដៅផ្ទេររបស់ Juventus ក្រោយលេងនៅ Barcelona ជិតពីររដូវកាលកន្លងទៅ។ ក្រោយចាកចេញពីក្លិប Gremio មកចូលរួមជាមួយ Barca ជិតពីររដូវកាលកន្លងមក Arthur បង្ហាញខ្លួនបានចំនួន ៧១ប្រកួត រកគ្រាប់បាល់បញ្ចូលទី ៤គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទី (Assist) ៦ដង។ បច្ចុប្បន្ន ខ្សែបម្រើរូបនេះ នៅមានកិច្ចសន្យាជាមួយក្លិបរហូតដល់រដូវក្តៅឆ្នាំ២០២៤ ហើយទទួលបានប្រាក់បៀវត្សរ៍ ៦លានផោន ឬប្រមាណ ៧លានដុល្លារ ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយថា Juventus យល់ព្រមបង់ថ្លៃ ៧២លានផោន ឱ្យទៅ Barcelona ដើម្បីចុះហត្ថលេខាខ្សែបម្រើ Arthur នៅរដូវក្តៅឆ្នាំនេះ។ ប្រភពដដែលបានរៀបរាប់ថា មែនទែនទៅក្លិបទាំងពីរឈានដល់ការព្រមព្រៀងគ្នាលក់ខ្សែបម្រើរូបនេះរួចទៅហើយ ប៉ុន្តែ Juventus នៅសល់ដំណាក់កាលមួយទៀត គឺត្រូវបញ្ចុះបញ្ចូលយ៉ាងណាឱ្យសាមីខ្លួនព្រមទទួលសំណើរបស់ពួកគេ។ ព្រោះការពីមួយរយៈមុន Arthur ធ្លាប់និយាយហើយថា ខ្លួនមិនចង់ចាកចេញទៅណានោះទេ ប៉ុន្តែក្លិបម្ចាស់ជើងអ៊ីតាលី Serie A ៣៥សម័យកាលមួយនេះ នៅតែរំពឹងថានឹងអាចបញ្ចុះបញ្ចូលរូបគេឱ្យយល់ព្រមផ្លាស់មកលេងក្រោមការដឹកនាំរបស់លោក Maurizio Sarri នៅរដូវកាលក្រោយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana