អ្នកចាត់ការក្រុម Manchester City គឺលោក Pep Guardiola មានប្រសាសន៍ថា កីឡាករ Sergio Aguero នឹងត្រូវធ្វើការវះកាត់ជង្គង់នៅថ្ងៃព្រហស្បតិ៍នេះ ហើយក៏មិនមានពេលវេលាណាមួយត្រូវបានដាក់សម្រាប់ការវិលត្រឡប់របស់ខ្សែប្រយុទ្ធរូបនេះទេ ប៉ុន្តែគាត់មិនទាន់ត្រូវបានគេច្រានចោលសម្រាប់ការបន្តការប្រកួតក្របខ័ណ្ឌ Champions League នៅក្នុងខែសីហាខាងមុខនេះទេ ។
Aguero មានអាយុ ៣២ឆ្នាំ បានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីព្យាបាលជាមួយវេជ្ជបណ្ឌិតវះកាត់ដ៏ល្បីឈ្មោះ គឺវេជ្ជបណ្ឌិត Ramon Cugat ដែលបានធ្វើការវះកាត់ទៅលើកីឡាករជាច្រើនក្នុងទីក្រុងនេះកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ។
អ្នកចាត់ការក្រុម Guardiola បាននិយាយថា ថ្ងៃស្អែកគាត់នឹងធ្វើការវះកាត់ហើយ។ នៅពេលដែលគាត់បានបញ្ចប់ការវះកាត់ យើងនឹងដឹងពីពេលវេលាដែល Sergio នឹងត្រលប់មកលេងជាមួយយើងវិញ ។ នៅពេលសួរថាតើ Aguero នឹងត្រលប់មកវិញសម្រាប់ការប្រកួត Champions League ដែរឬទេ លោក Guardiola បាននិយាយថា ខ្ញុំមិនទាន់ដឹងទេឥឡូវនេះ រង់ចាំរហូតដល់គាត់ជាសះស្បើយ ទើបអាចចូលលេងវិញបាន ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports