ឥណ្ឌា ៖ ប្រទេសឥណ្ឌា បាននិយាយថា កងទ័ពរបស់ខ្លួនបានប៉ះទង្គិចជាមួយកងទ័ពជនជាតិចិន នៅតាមបណ្តោយព្រំដែនជួរភ្នំហិមាល័យ ដែលជាជម្លោះចុងក្រោយបង្អស់នៅក្នុងជម្លោះដែលបានកើតឡើងតាំងពីខែឧសភា។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា កងទ័ពចិនបានធ្វើចលនាយោធាបង្កហេតុ កាលពីយប់ថ្ងៃសៅរ៍។ គេបានចោទប្រកាន់កងទ័ពរំដោះប្រជាជនពីបទរំលោភលើកិច្ចព្រមព្រៀងការទូត និងយោធានៅលើតំបន់ដែលមិនបានកំណត់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំង កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុងញូវដេលី ទាក់ទងនឹងបញ្ហានៅនឹងកន្លែង។
ការប៉ះទង្គិចគ្នាចុងក្រោយរវាងភាគីទាំងពីរ បានកើតឡើងនៅច្រាំងខាងត្បូងនៃ Pangong Tso ដែលជាបឹងទឹកកកនៅកម្ពស់ ១៤,០០០ហ្វីត នៅតាមបណ្តោយខ្សែបន្ទាត់ត្រួតពិនិត្យ ដែលមានប្រវែង ៣,៤៨៨គីឡូម៉ែត្រ។ ទាំងឥណ្ឌា និងចិន បានចល័តកងទ័ពរថក្រោះ កាំភ្លើងធំ និងយន្ដហោះចម្បាំងរាប់ពាន់នៅជិតព្រំដែន។
ចំនួនអ្នកបាត់បង់ជីវិត និងកងទ័ពដែលត្រូវបានចាប់ខ្លួន នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយខណៈពេលដែលមានការប្រជុំយោធាកម្រិតខ្ពស់កំពុងដំណើរការ ដើម្បីដោះស្រាយភាពតានតឹងយោធារបស់ប្រទេសឥណ្ឌា ត្រូវបានគេដាក់ពង្រាយនៅតាមព្រំដែនដែលមានជម្លោះ។
ជម្លោះដ៏អាក្រក់បំផុតរបស់ឥណ្ឌា និងចិនក្នុងរយៈពេល៤ទសវត្សរ៍ បានឈានដល់ការបាត់បង់ជីវិតរបស់ទាហានឥណ្ឌា ២០នាក់ និងចំនួនទាហានចិនដែលមិនបានដឹងនៅក្នុងការប្រយុទ្ធដ៏អាក្រក់មួយកាលពីថ្ងៃទី១៥ ខែមិថុនា។ ចាប់តាំងពីពេលនោះ មកភាពតានតឹងបានបន្តធូរស្រាល ដោយប្រទេសឥណ្ឌាបានបង្ហាញនៅចុងខែកក្កដាថាខ្លួនបានដាក់កងទ័ពចំនួន ៣៥,០០០នាក់បន្ថែមទៀតនៅតាមបណ្តោយព្រំដែន៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព