អេស្ប៉ាញ ៖ ក្លិប Real Sociedad បានប្រកាសថា សមាជិកថ្មីរបស់ខ្លួនគឺ កីឡាករ David Silva បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអតីតខ្សែបម្រើរបស់ក្រុម Manchester City រូបនេះ កំពុងនៅដាច់ដោយឡែកពីគេ ដោយពុំមានបង្ហាញរោគសញ្ញានៃវីរុសនេះ។
អតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញវ័យ ៣៤ឆ្នាំខាងលើ បានសម្រេចការផ្ទេរមកចូលរួមជាមួយ Real Sociedad ក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃទី ១៧ ខែ សីហា កន្លងទៅ ដោយគ្មានតម្លៃខ្លួន (Free Transfer) បន្ទាប់ពីចំណាយពេល ១០ឆ្នាំ ជាមួយ Man City ដោយបង្ហាញខ្លួនចំនួន ៤៣៦ប្រកួត និងឈ្នះពានរង្វាន់សរុបចំនួន ១៤ នៅទីនោះ។
សូមបញ្ជាក់ថា ក្លិប Real Sociedad បានប្រកាសពីដំណឹងនេះ នៅក្នុងថ្ងៃតែមួយដែលកីឡាករ David Silva បានបង្ហាញវត្តមានជាផ្លូវការ ជាមួយឯកសណ្ឋានក្លិបថ្មី នៅឯកីឡដ្ឋាន Anoeta ផ្ទាល់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព