ថ្មីៗនេះបន្ទាប់ពីដើមផ្កាក្រដាសជាច្រើនគុម្ព ដែលដាំតាំងលម្អផ្លូវត្រូវជនអគតិដកបំផ្លាញចោល ពេលនេះ បានធ្វើឱ្យចៅហ្វាខេត្តព្រះសីហនុបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយប្រកាសសួររក និងចង់ជួបអ្នកដែលប្រព្រឹត្តអំពើមិនគប្បីបែបនេះខ្លាំងណាស់ ។
យោងតាមប្រភពពីហ្វេសប៊ុកផ្លូវការរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានធ្វើការបង្ហោះរូបភាពនៅយប់ថ្ងៃទី៣១ សីហា នេះ ដោយសរសេរថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានជនចង្រៃបានដើរដកដើមផ្កាក្រដាស ដែលក្រុមការងារបានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅចោលអស់រាប់រយគុម្ពបោះរាយប៉ាយនៅលើផ្លូវ ។
ក្នុងនោះផងដែរ លោកអភិបាលខេត្ត គួច ចំរើន បានសរសេរទៀតថា ពិតជាចង្រៃខ្លាំងណាស់ ។ បើមានប្រិយមិត្តណាបានឃើញ សូមជួយប្រាប់ផង ចង់ជួបគាត់សួរនាំខ្លះ ។
ដោយឡែក ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជាច្រើន បានគាំទ្រចំពោះប្រតិកម្មរបស់លោក គួច ចំរើន និងស្នើដល់សមត្ថកិច្ចស្រាវជ្រាវរកក្រុមជនអគតិទាំងនោះ ដែលបានបំផ្លាញដើមក្រដាសតាំងលំអនៅមហាវិថីជំទាវម៉ៅ ដើម្បីយកមកផ្តន្ទាទោសទៅផ្លូវតាមផ្លូវច្បាប់ និងបង្ហាញមុខជាសាធារណៈ ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព