រាជធានីភ្នំពេញ ៖ ស្របពេលដែរ ព្រាប សុវត្ថិ ចូលមកកាន់ទីលានថ្មី ក្នុងផែនការផលិតកម្មថ្មី គេក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើអនាគត តន់ ច័ន្ទសីម៉ា មានឱកាសចាប់ដៃជាមួយ ព្រាប សុវត្ថិ បានទេ? ក្នុងពេលដែលនាងទើបក្លាយជាដៃគូជាមួយលោកខេម ដោយមានបទចម្រៀងមួយចំនួនរួចទៅហើយនោះ។
តារាចម្រៀង តន់ ច័ន្ទសីម៉ា កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងគាប់ប្រសើរ ក្រោយពេលនាងសម្រេចចិត្តមកកាន់ផលិតកម្ម ហ្គាឡាក់ស៊ី។ ក្រោយផ្ទុះបទចម្រៀងបន្តបន្ទាប់នាងមិនដែលនឹកស្រម៉ៃថា វិថីសិល្បៈនាងមានជំហានល្អ និងស្នាមញញឹមបែបនេះទេ។
តន់ ច័ន្ទសីម៉ា ជាអ្នកខេត្តតាកែវ ដែលចេះច្រៀងតាំងពីនៅរៀនវិទ្យាល័យ។ ជាក្មេងស្រីអណ្តែតត្រសែតតាមនិស្ស័យស្រឡាញ់សិល្បៈ ចេះតែមកដាក់ពាក្យប្រឡងតាមកម្មវិធីទូរទស្សន៍នានា។ គេចាំបានដំបូង នាងប្រឡងកម្មវិធី «សំនៀងចែងចាំង» ។ លុះប៉ុន្មានឆ្នាំក្រោយប្រឡងកម្មវិធីឌឹវ៉យ មានភ័ព្ទល្អឆ្លងចូលវគ្គឡាយសូ បានប៉ុន្មានសប្តាហ៍ឱ្យគេស្គាល់។ ឆ្លងចូលផលិតកម្មថ្មី សីម៉ា ស្រាប់តែមហាជនលើកឡើងថា សំឡេងច្រៀងនាងពីរោះមិនធម្មតា គ្រាន់តែមិនមានអ្នកច្នៃ។ លុះ យឹម តាស្រង់ ដឹងពីភាពល្អច្នៃមួយប្រាវ សីម៉ា ឡើងកប់ប៉ុន្មានខែនេះ។
តន់ ច័ន្ទសីម៉ា លើកបញ្ជាក់ថា វិថីចម្រៀងនេះ មិនដែលគិតថា អាចមានចំណុចនេះឡើយ។ ពីមុនច្រៀងធម្មតានៅតាមហាងរាប់ឆ្នាំ និងបានឡើងឆាកម្តងម្កាល។ ប៉ុន្តែក្រោយថ្នាក់ដឹកនាំសម្លឹងពីសមត្ថភាពនាង ប្រែប្រួលការងារណាស់។ នាងមានតែអរគុណខាងថ្នាក់ដឹកនាំ ដែលឱ្យការងារល្អៗ បទចម្រៀងមានអត្ថន័យចាក់ដោត ច្រៀងត្រូវចិត្តមហាជន ធ្វើឱ្យគេស្គាល់នាងច្រើនពេលនេះ។
ឯចំណុចលើកឡើងថា អាចចាប់ដៃគូជាមួយរៀមច្បងកំពូលចម្រៀង នាងមិនទាន់ហ៊ានលើកមកនិយាយបែបណា គឺស្ថិតលើពេលវេលា។ ជាពិសេសអាស្រ័យលើមេកើយនៅក្នុង ស្ថាប័នដែលនាងជ្រកកោន ហើយបើបែបនេះមែន នាងមានតែរំភើបតែប៉ុណ្ណោះ។
គួររំលឹកថា តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាព «The Voice Cambodia» រដូវកាលទី២ តែបានខ្ទាតចេញ ព្រោះមិនអាចតតាំងជាមួយលោកថែល ថៃ ធ្វើឲ្យនាងមិនមានឱកាសក្លាយទៅជាតារាចម្រៀងហង្សមាស ហើយបានត្រឹមច្រៀងនៅតាមហាង ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព