លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និងលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) បានក្លាយជាមិត្តភក្តិនឹងគ្នាបានប្រមាណ ១០,៦៤៩ថ្ងៃមកហើយ តាំងពីពេលដែលអ្នកទាំងពីរបានជួបគ្នាដំបូងនៅឆ្នាំ ១៩៩១ ។
ក្នុងពេលថ្មីៗនេះ លោក ប៊ីល ហ្គេតស៍ បានចែករំលែកនូវទូរស័ព្ទពីរខ្ទង់ដែលលោកអាចទំនាក់ទំនងទៅដោយចុចតែប៊ូតុងមួយប៉ុណ្ណោះក្នុងការិយាល័យរបស់លោក ។ លេខទាំងពីរខ្ទង់គឺជាលេខរបស់ភរិយារបស់លោក និងលេខរបស់លោក បាហ្វេត ដែលជាមិត្តភក្តិជិតស្នាលរបស់លោកហ្គេតស៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោក ហ្គេតស៍ បានអបអរថ្ងៃគម្រប់ខួប ៩០ឆ្នាំ របស់លោកបាហ្វេត និងបានចែករំលែកមកថា លោក បាហ្វេត បានបង្កើតនូវឥទ្ធិពលដ៏មានតម្លៃលើពិភពលោកតាមរយៈការបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់លោកឲ្យទៅសង្គមវិញ ។
លោក ហ្គេតស៍ បានសរសេរចែករំលែកលើ Blog របស់លោកថា «ក្នុងចំណោមមេរៀនដែលខ្ញុំបានរៀនពី វ៉ារេន មេរៀនដែលសំខាន់គឺទាក់ទិននឹងតម្លៃនៃមិត្តភាព» ។ លោក បាហ្វេត ធ្លាប់បានបកស្រាយពីអត្ថន័យនៃមិត្តភាពប្រាប់លោក ហ្គេតស៍ ពេលដែលអ្នកទាំងពីរនិយាយជាមួយនិស្សិតមួយចំនួន ថា «អ្នកនឹងដើរទៅតាមទិសដៅរបស់មនុស្សដែលអ្នករាប់អាន ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការរាប់អានមនុស្សដែលល្អប្រសើរជាងខ្លួនឯង ។ មិត្តភក្តិដែលអ្នកមាននឹងជួយស្ថាបនាអ្នកខណៈដែលអ្នកបន្តដំណើរក្នុងជីវិត ។ អ្នកគួរតែរកមិត្តភក្តិឲ្យបានល្អៗ រក្សាពួកគេអស់មួយជីវិត ប៉ុន្តែពួកគេគួរជាមនុស្សដែលអ្នកកោតសរសើរ និងចូលចិត្តផងដែរ» ។ ដើម្បីអបអរថ្ងៃកំណើតរបស់មិត្តភក្តិជិតស្និទ្ធ លោកហ្គេតស៍ បានសរសេរភ្ជាប់ជាមួយនឹងវីឌីអូមួយថា «មនុស្សដែលខ្ញុំកោតសរសើរនិងចូលចិត្ត វាជាការពិពណ៌នាល្អបំផុតនៃអារម្មណ៍ដែលខ្ញុំមានលើ វ៉ារេន ។ រីករាយថ្ងៃកំណើត មិត្តសំឡាញ់» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព