ប្រសិនបើអ្នកចង់ចូលនិវត្តន៍ក្នុងវ័យក្មេង អ្នកចាំបាច់ត្រូវមានចំណេះ២យ៉ាងនេះអំពីលុយ
រាជធានីភ្នំពេញ ៖ តាមរយៈការលើកឡើងរបស់អ្នកឯកទេសផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ប្រសិនបើអ្នកចង់ចូលនិវត្តន៍ក្នុងវ័យក្មេង អ្នកចាំបាច់ត្រូវមានចំណេះ ២យ៉ាង គឺចំណេះក្នុងការប្រើបំណុល និងចំណេះក្នុងការប្រើលុយបង្កើតលុយ ។
ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជាបានបន្តទៀតថា ក្នុងចំណេះទាំងពីរនេះ លោកបានបកស្រាយដូចនេះថា ៖ ទី១- ចំណេះក្នុងការប្រើបំណុល ៖ មានន័យថា ការប្រើបំណុល ដែលមានលក្ខខណ្ឌល្អ កាប្រាក់តិច មានលក្ខខណ្ឌក្នុងការសងត្រឡប់ល្អ ដូចជា រយៈពេលវែង មានសាហ៊ុយរដ្ឋបាលតិច ជួនកាលការផ្តល់កម្ចីខ្លះគិតសាហ៊ុយរដ្ឋបាលប៉ុន្មាន ១ភាគរយនៃកម្ចីអីចឹង ចឹងការប្រាក់ទាបសាហ៊ុយតិច មានភាពបត់បែនអីចឹងទៅ កាលណាចំណាយថ្លៃដើមលើសាហ៊ុយ និងអត្រាការប្រាក់ទាបនឹងយើងយកមករកស៊ីយកទៅវិនិយោគវាចំណេញ ។ ហើយយើងមិនគួយកលុយមកខ្ជះខ្ជាយទៅលើការបង់រំលោះទិញរថយន្ត ឬតម្រូវមធ្យោបាយប្រើប្រាស់ផ្សេងទៀតជាដើមនោះទេ ។
បញ្ហាបំណុលនេះ គឺអាស្រ័យទៅលើយើងម្នាក់ៗ ក្នុងប្រើប្រាស់ប្រភពរបស់វា គឺយើងត្រូវតែពិនិត្យឱ្យបានល្អិតល្អន់ ដើម្បីរើសយកតែកម្ចីផ្លូវការដែលមានលក្ខខណ្ឌល្អ អាត្រាការប្រាក់ទាបជាដើម នឹងមុនសម្រេចចិត្តក្នុងការដាក់ប្រាក់កម្ចីទៀតនោះក៏ត្រូវតែពិនិត្យ និងធ្វើការសិក្សាផងដែរ ពីមីក្រូហិរញ្ញវត្ថុនានាឱ្យច្រើន ។
ជាបទពិសោធន៍របស់ខ្ញុំ ជាទូទៅអ្នកប្រើសេវាហិរញ្ញវត្ថុ ច្រើនតែមិនទំនាក់ទំនងស្ថានប័នឱ្យបានច្រើននោះទេ គាត់ស្គាល់តែស្ថាប័នណា គាត់ទៅរកតែសេវាកម្មស្ថាប័ននោះ ។ យើងគួរតែមានការស្រាវជ្រាវ និងយល់ដឹងពីស្ថាប័ននានា ដើម្បីយកមកធ្វើការប្រៀបគ្នា ដែលវាអាចជួយយើងបានដល់នូវអ្វីដែលយើងចង់បាន ហើយវាចំណេញ។ ទី២- ចំណេះក្នុងការប្រើលុយបង្កើតលុយ ៖ ការសន្សំប្រាក់ដើម្បីចូលនិវត្តន៍ ការទិញមាសទុក ឬទិញផ្ទះទុកជួល គឺជាក្បួនបុរាណដែលហួសសម័យកាលទៅហើយ ។
ក្បួនទាំងនេះមិនអាចអោយអ្នកចូលនិវត្តន៍ក្នុងវ័យក្មេងបានទេ ហើយក៏នឹងធ្វើអោយបញ្ញាមិនវាងវៃផងដែរ ។ យើងអាចវិនិយោគជាភាគហ៊ុន ផ្សារហ៊ុន ជាមួយក្រុមហ៊ុនផ្សេងៗ ឬអចលនទ្រព្យនានានឹង ។ មួយវិញទៀត ការធ្វើឱ្យផ្សារភាគហ៊ុនមានប្រសិទ្ធភាព យើងត្រូវការស្រាវជ្រាវ ត្រូវការការរៀនសូត្រ ដើម្បីកសាងសមត្ថភាព ដូចជាការអនុវត្តជាជំហ៊ានៗ សន្សំបទពិសោធន៍ ដោយធ្វើពីតូចទៅធំ ហើយត្រូវការពេលវេលាវែងឆ្ងាយ ហើយក៏មានចំណង់ចំណូលចិត្តក្នុងការងារនឹងទើបអាចធ្វើល្អ និងត្រូវតែមានភាពអត់ធ្មត់ផងដែរ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព