ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយនៅថ្ងៃនេះ ខណៈ២នាក់ទៀតកំពុងនៅសម្រាកព្យាបាលដដែល។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។
តាមលទ្ធផលនេះ កម្ពុជានៅសល់តែអ្នកជំងឺតែ២នាក់ទៀតប៉ុណ្ណោះ នឹងលែងមានអ្នកជំងឺកូវីដ១៩ ទៀតហើយ។ ទោះបីជាអ្នកជំងឺជាសះស្បើយជិតអស់ក្តី នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានរម្លឹកជាថ្មី កុំឲ្យមានការធ្វេសប្រហែសចំពោះកូវីដ១៩ ព្រោះបច្ចុប្បន្នមិនទាន់មានថ្នាំវ៉ាកសាំងនៅឡើយទេ ហើយនៅស្ថានភាពនៅលើពិភពលោក កំពុងតែកើតមានជំងឺនេះកើនឡើងជាបន្តបន្ទាប់។ទោះជាមានការក្រើនរម្លឹកពីថ្នាក់ដឹកនាំកំពូល និងមន្ត្រីជំនាញជាញឹកញប់ក៏ដោយ គេសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន លែងសូវខ្វល់ពីជំងឺកូវីដ១៩ទៀតហើយ។ ពីដំបូងពួកគេសម្រុកទិញម៉ាស់ពាក់ ហើយមានការប្រុងប្រយ័ត្នខ្លាំង ដោយទិញស្បៀងអាហារទុកនៅផ្ទះទៀតផង ប៉ុន្តែពេលនេះ បែជាមិនសូវខ្វល់ រឿងពាក់ម៉ាស់ឡើយ សូម្បីម៉ាស់ចុះថោកហើយក្តី។
គិតត្រឹមនេះដែរ នៅកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៣០នាក់ ក្នុងនោះ១២៨នាក់ បានជាសះស្បើយ ហើយអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មាន២នាក់៕ ។ ប៊ុនធឿន