មន្ទីរពេទ្យ Ramathibodi នៅទីក្រុងបាងកក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសពីការទទួលបានជោគជ័យលើកដំបូងបំផុតរបស់ខ្លួន ការប្តូរកោសិកាដើមទាក់ទងនឹងអ្នកជំងឺវ័យក្មេងមានផ្ទុកវីរុសកូវីដ១៩ ហើយបរិច្ចាគខួរឆ្អឹងរបស់គេដើម្បីជួយសង្គ្រោះបងស្រី ដែលមានជំងឺបែកគ្រាប់ឈាមក្រហម ឬហៅថា Thalassemia ។
សាស្រ្តាចារ្យវេជ្ជបណ្ឌិត Suradet Hongeng ជាអ្នកជំនាញផ្នែកវះកាត់ប្តូរកោសិការបស់នាយកដ្ឋានផ្នែកពេទ្យកុមារ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi បានប្រកាសពីជោគជ័យនេះ ជូនដល់អ្នកសារព័ត៌មានក្នុងប្រទេសថៃកាលពីថ្ងៃអង្គារ ។
លោកវេជ្ជបណ្ឌិតបានថ្លែងថា នីតិវិធីនេះត្រូវបានអនុវត្តឡើងកាលពីខែមេសា ឆ្នាំ២០២០ ។ ក្មេងប្រុស អាយុ៥ឆ្នាំម្នាក់ឈ្មោះ Sila “Jio” Boonklomjit បានបរិច្ចាគកោសិកាដើមខួរឆ្អឹងរបស់ខ្លួន ដើម្បីជួយសង្រ្គោះបងស្រីអាយុ៧ឆ្នាំរបស់គេ ឈ្មោះ Jintanakan ឬត្រូវបានស្គាល់ថា “Jean” ដែលកើតមកមានជាប់តាមជាមួយ ជំងឺបែកគ្រាប់ឈាមក្រហម ឬហៅថា Thalassemia នោះ ។
លោកបានថ្លែងថា «ករណីនេះគឺពិបាក និងស្មុគស្មាញណាស់ ។ នៅចំថ្ងៃដែលយើងត្រូវប្រមូលកោសិកាដើមពី Jio យើងបានរកឃើញថា គាត់បានឆ្លងជំងឺ Covid-19 ។ នោះបានធ្វើឲ្យJio ក្លាយជាអ្នកមានជំងឺផ្សេងមួយទៀត ។ ក្រៅពីនេះ អ្នកជំងឺសុទ្ធតែវ័យក្មេងទាំង២នាក់នេះ ម្នាក់អាយុ៥ឆ្នាំ និងអាយុ៧ឆ្នាំ ដូច្នេះរាល់ជំហាននីមួយៗ ត្រូវធ្វើដោយយកចិត្តទុកដាក់ជាពិសេសបំផុត» ។
លោកវេជ្ជបណ្ឌិត Suradet បានថ្លែងថា «ការប្រមូលកោសិកាដើមពីខួរឆ្អឹងត្រូវបានហ៊ុំព័ទ្ធដោយហានិភ័យខ្ពស់ រាប់បញ្ចូលទាំងហានិភ័យការមានកោសិកាដើមឆ្លងវីរុស Covid-19។ នីតិវិធី ក៏កើនឡើងផងដែរ ពីព្រោះ Jio ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក … លើសពីនេះទៀត គឺបញ្ហាសុវត្ថិភាពសម្រាប់បុគ្គលិកពេទ្យ ដែលប្រឈមហានិភ័យខ្ពស់អំឡុងពេលប្រតិបត្តិការនេះ» ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា “ករណីនេះគឺជាករណីដំបូងគេនៅលើពិភពលោក នៅពេលមានប្រតិបត្តិការបន្ទាន់ដើម្បីប្រមូលកោសិកាដើមពីអ្នកជំងឺ Covid-19 សម្រាប់ការប្តូរសរីរាង្គបែបនេះ” ។
«ក្រៅពីហានិភ័យ Covid-19 គ្រូពេទ្យក៏ត្រូវប្រណាំងប្រឆាំងនឹងពេលវេលាដែរ ពីព្រោះ Jean ត្រូវបានរៀបចំខ្លួនប្រាណទាំងស្រុងជាមួយនឹងការព្យាបាលដោយគីមី ហើយជាលទ្ធផលរាងកាយរបស់នាងមានភាពស៊ាំទាប ។ ប្រសិនបើគ្មានការវះកាត់ប្តូរកោសិកាដើមទេ ជីវិតរបស់នាងនឹងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ»។ នេះបើតាមការបញ្ជាក់ប្រាប់របស់វេជ្ជបណ្ឌិត Suradet ៕ ប្រែសម្រួលដោយ៖ thach yat