កងទ័ពអាកាសរបស់អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ព នៅតំបន់ As-Suwayda និង Deir ez-Zor ហើយត្រូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី ស្ទាក់វាយប្រហារទៅលើគោលដៅ នៅលំហអាកាស ស្ថិតនៅជាយក្រុងហាម៉ា។
ភ្នាក់ងារសារព័ត៌មាន SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទៅលើគោលដៅ នៅលើអាកាស ដោយស្ទាក់ពីការវាយប្រហាររបស់សត្រូវ នៅជាយក្រុងហាម៉ា មានចម្ងាយ២២០គីឡូម៉ែត្រ ពីទីក្រុងដាម៉ាស។ ជាមួយគ្នានេះដែរ ប្រព័ន្ធការពារមីស៊ីល ក៏បានវាយប្រហារទៅលើគោលដៅជាច្រើនផងដែរ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុននេះ មានការចោទប្រកាន់ទៅលើកងទ័ពអ៊ីស្រាអែល ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ពជាច្រើនកន្លែង នៅក្នុងតំបន់ As-Suwayda និង Deir ez-Zor ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យកងទ័ពស៊ីរី ចំនួន២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។
បណ្ដាញទូរទស្សន៍ Al Hadath បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារទៅលើកន្លែងកងទ័ពស៊ីរី។ រីឯគោលដៅ នៃការវាយប្រហារនោះ គឺតម្រង់ទៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធ នៅលើទឹកដីស៊ីរី៕ ប្រែសម្រួលដោយ Nuon