អតីតប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee បានទទួលមរណភាពក្នុងជន្មាយុ៨៤ឆ្នាំ។ យោងតាមសារ Twitter ពីកូនប្រុសរបស់លោកដែលមានឈ្មោះថា Abhijit Mukherjee កាលពីថ្ងៃច័ន្ទ បានសរសេរសារលើបណ្ដាញសង្គម Twitter ថា ៖ «ជាមួយនឹងទុក្ខជាទម្ងន់ នេះគឺជាការជូនដំណឹងទៅអ្នកទាំងអស់គ្នាថា ឪពុករបស់ខ្ញុំ Shri Pranab Mukherjee ទើបតែបានទទួលមរណភាព ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីសំណាក់គ្រូពេទ្យនៃមន្ទីរពេទ្យ RR និងការបន់ស្រន់ពីប្រជាជននៅទូទាំងប្រទេសឥណ្ឌាក៏ដោយ! ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា»។
ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសរសេរសារលិខិតមួយដោយនិយាយថា ប្រទេសនេះបានធ្វើឱ្យមានការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់អតីតប្រធានាធិបតី។ លោកបានកោតសរសើរចំពោះការរួមចំណែកនិងស្នាដៃដ៏មានតម្លៃរបស់លោក Mukherjee នៅក្នុងក្រសួងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសំខាន់ៗនៅក្នុង Tweet មួយផ្សេងទៀត។ រដ្ឋាភិបាលឥណ្ឌា បានប្រកាសកាន់ទុក្ខរយៈពេល៧ថ្ងៃ ដើម្បីឆ្លើយតបនឹងដំណឹងមរណភាពរបស់លោក Mukherjee ។ សេចក្តីប្រកាសព័ត៌មានបាននិយាយថា ទង់ជាតិនឹងត្រូវដាក់នៅពាក់កណ្តាលដង ហើយនឹងបិទការកម្សាន្តជាផ្លូវការ។
លោក Pranab Mukherjee ធ្លាប់បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា លោកត្រូវធ្វើការវះកាត់នៅសប្តាហ៍ទី២ នៃខែសីហា និងមិនបានចេញពីមន្ទីរពេទ្យ ដោយសារតែត្រូវបន្តព្យាបាល។ មុនពេលវះកាត់ អតីតប្រធានាធិបតីរូបនេះបានសរសេរលើ Twitter ថា លោកបានឆ្លងកូវីដ១៩ ប៉ុន្តែមិនទាន់មានសេចក្តីប្រកាសណាមួយពីមន្ទីរពេទ្យ ឬក្រុមគ្រួសាររបស់លោកអំពីមូលហេតុនៃការបាត់បង់ជីវិតនោះទេ៕ ដោយ៖ ត្នោត