រាជធានីភ្នំពេញ ៖ មនុស្សក្នុងសង្គមសិល្បៈតិចណាស់ដែលបានដឹងរឿងរ៉ាវដ៏កម្សត់ៗរបស់តារាចម្រៀងមុខកម្សត់ លោក បូរ តាំងហ៊ាង ដែលខិតខំតស៊ូក្នុងជីវិត។ លោកបានដើរលក់ ផ្លែឈើរាប់ឆ្នាំឱ្យតែចេញពីច្រៀងយប់ឡើង ដោយភាគតិចមិនបានសម្រាកដេកពួនពេញភ្នែកនោះទេ។ ម្ល៉ោះហើយ ភាពកម្សត់ៗទាំងនេះ ធ្វើឱ្យលោកហូរទឹកភ្នែកដោយមិនដឹងខ្លួន។
ម្ខាស់បទ « បើបងបាត់ការចងចាំ » ធ្វើពិធីបង្កក់សង្កត់វង់តន្ត្រីទ្រង់ទ្រាយធំ ក្រោយបាត់បង់ឪពុក។ លោកបានទ្រហោយំយ៉ាងក្តុកក្តួលនៅពេលរំលឹករឿងបង្កើតវង់តន្ត្រីសម័យ។ ដើមហេតុកាលពីចេញភ្លេងដំបូង ក៏ជាថ្ងៃដែលបាត់បង់ឪពុក ទាំងបំណងចង់ឱ្យឪពុកក្លាយជាថៅកែភ្លេង។
លោកថា តាំងពីមុនមក លោកជាមនុស្សចង់រឹងមាំខ្លួនឯង ដោយសារបែបនេះហើយការតស៊ូ ហើយដើរប្រឡងលើសិល្បៈ ។ បើទោះជាមានកន្លែងច្រៀងល្អៗ ក៏លោកនៅតែបង្កើតមុខរបរខាងក្រៅ ដោយចប់ម៉ោងច្រៀងនៅ វីហ្វ្រេន១២យប់ គឺមកលក់ផ្លែឈើនៅផ្សារនាគមាស។ លោកដើរលក់ផ្លែឈើបោះឱ្យម៉ូយតាំងពីឆ្នាំ២០១៦ ដោយសារកាន់ជំហរថា ចង់ជោគជ័យ មិនត្រូវខ្មាស់គេ។
អតីតបេក្ខជនលេចធ្លោ កម្មវិធីប្រឡងចម្រៀង «The Melody» របស់ទូរទស្សន៍បាយ័ន បានថ្លែងទៀតថា បើពេលនេះ លោកត្រៀមបង្ហាញវត្តមាននៅក្នុងផលិតកម្មមានឈ្មោះស្រុកយើង ក៏លោកមិនបោះបង់ចោលការដើរលក់ផ្លែឈើនោះដែរ ព្រោះយើងបានបែងចែកតួនាទីខុសគ្នា មិនខ្លាចគេថា បែបណាឡើយ ចាត់ទុកថាជាមនុស្សសាមញ្ញ។
ឪពុករបស់លោក គឺជាតន្ត្រីករ ហើយស្គាល់តែជីវិតដើរលេងភ្លេងឱ្យគេ ទើបលោកសម្រេចចិត្តបើកវង់តន្ត្រីមួយនេះ ដើម្បីសម្រេចក្ដីសុបិន្តរបស់ឪពុក ក៏ដូចជាបង្កើតអាជីវកម្មរួមមួយក្រៅពីអាជីពសិល្បៈ។ ដោយលោកឪពុករបស់លោក ក៏បានស្នើសុំឱ្យលោកធ្វើពិធីសម្ភោធក្រុមតន្ត្រីមួយនេះ ដើម្បីលើកមុខលើកមាត់គ្រួសារផងដែរ ប៉ុន្តែលោកមិនទាន់បានចាត់ចែងពិធីនោះផង លោកឪពុកបែរជាចែកឋានទៅហើយ។ ដូច្នេះហើយ ទើបលោកសម្រេចចិត្តធ្វើពិធីនេះឡើងជូនដល់សពឪពុក ក្រោយពីធ្វើពិធីបុណ្យសពឪពុករួចរាល់។
បូរ តាំងហ៊ាង បានរៀបចំពិធីសម្ភោធបង្កក់វង់តន្ត្រីយ៉ាងអធិកអធមកាលពីថ្ងៃទី 31 ខែសីហា 2020 នៅគេហដ្ឋានផ្ទាល់ខ្លូន ដែលមានទីតាំងនៅជិតវត្តវិហារសួគ៌ ដោយបានអញ្ជើញភ្ញៀវរហូតដល់ជាង50តុ។ លោករំពឹងថា ជំហានថ្មីនៅក្នុងផលិតកម្មធំនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះក្នុងសិល្បៈរបស់លោកបោះជំហានបានល្អ និងទទួលបានប្រជាប្រិយភាពក្នុងស្រទាប់មហាជន ដូចអ្វីដែលឪពុករបស់លោកចង់បាននោះផង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព