រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ១៩ មានការថយចុះ តែប្រធានាធិបតីរុស្ស៊ី នៅតែជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ទម្រាំផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏កាចសាហាវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានឲ្យដឹងថា រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលស្រាវជ្រាវរបស់សហព័ន្ធរុស្ស៊ី ចំនួន១៤ កំពុងបង្កើតវ៉ាក់សាំង និងពិសោធលើការព្យាបាលជាលើកដំបូងរបស់ខ្លួន។ ប៉ុន្ដែបើទោះជាយ៉ាងនេះក្ដី លោកជំរុញឲ្យប្រជាជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគដ៏កាចសាហាវនេះ។
លោកប្រធានាធិបតី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែមិថុនា ថា ថ្វីត្បិតតែការរាតត្បាតមានការថយចុះក្ដី តែមេរោគនេះនៅតែជាគ្រោះថ្នាក់ដល់មនុស្សជាតិដដែល។ ដូច្នេះពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្ន រហូតដល់មានវ៉ាក់សាំងត្រូវបានផលិតឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ យើងកំពុងតែធ្វើឲ្យការឆ្លងថយចុះ ហើយវិលទៅរកភាពធម្មតា។ ប៉ុន្ដែមេរោគនេះនៅតែជាការបង្កគ្រោះថ្នាក់ ហើយមនុស្សរាប់ពាន់នាក់ត្រូវប្រឈមមុខនឹងជំងឺនេះ ជារៀងរាល់ថ្ងៃ។ ដូច្នេះលោកសុំឲ្យពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុក និងប្រុងប្រយ័ត្នខ្ពស់បំផុត រហូតដល់យើងផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវសហព័ន្ធរុស្ស៊ី ចំនួន១៤ កំពុងបង្កើតវ៉ាក់សាំង និងចាប់ផ្ដើមព្យាបាលជាលើកដំបូងរបស់ខ្លួនហើយ។
បើតាមគេហទំព័រ Worldometer បានឲ្យដឹងថា បើគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៩៩ ៧០៥នាក់ ក្នុងនោះស្លាប់ ៨ ៣៥៩នាក់ និងជាសះស្បើយ ៣៥៦ ៤២៩នាក់។ ប្រទេសនេះមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ លំដាប់លេ៣ នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងប្រេស៊ីល៕ ប្រែសម្រួលដោយ Nuon