រាជធានីភ្នំពេញ ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី០២ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ស្តីពីស្ថានភាពអាកាសធាតុបានឲ្យដឹងថា ចាប់ពីថ្ងៃទី០២ ដល់៨ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈការតាមនៃការវិវត្តន៍នឹងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ភាគកណ្តាលប្រទេសឡាវ និងប្រទេសវៀតណាម។
ក្រសួងបន្តថាស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ក្នុងនោះក៏មានផ្ទៃមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាលនិងភាពយ័ព្យនឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ចំណែកខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ដោយឡែកខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលអាចកើតមានឡើងនៃផ្នែកមួយចំនួននៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាបកណ្តាលផងដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព