គ្រោះរញ្ជួយដីកម្លាំងខ្លាំង រហូតដល់ ៧,៤ រ៉ិចទ័រ បានវាយប្រហារតំបន់ឈូងសមុទ្រប៉ាស៊ីហ្វិក ហើយកក្រើកញាប់ញ័រដល់ភាគខាងត្បូង និងភាគកណ្តាល នៃប្រទេសម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ នេះជាគ្រោះរញ្ជួយដីដ៏ដ៏អាក្រក់បំផុត នៅប្រទេសម៉ិកស៊ិក ចាប់តាំងពីឆ្នាំ២០១៧។
នៅក្នុងហេតុការណ៍នោះ ក៏បានបង្កឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស និងមានមនុស្ស១៥នាក់ជាប់ នៅក្នុងក្រោមគំនរបែកបាក់។ ភ្នាក់ងារការពារស៊ីវិលម៉ិកស៊ិក បានថ្លែងថា មន្ទីរពេទ្យយ៉ាងតិច៣កន្លែងបានរងការខូចខាត។ រីឯផ្លូវល្បឿនលឿនចំនួន៤ខ្សែ និងអគារជាច្រើនខ្នង ក៏ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដីនេះផងដែរ។
ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានព្រមានអំពីរលកយក្សស៊ូណាមិ ហើយកម្ពស់ទឹកសមុទ្រមានភាពខុសប្លែក គឺខ្ពស់ជាង១០០សង់ទីម៉ែត្រពីកម្រិតធម្មតា ។
គួររំឭកថា កាលពីឆ្នាំ២០១៧ គ្រោះរញ្ជួយដីទំហំ៨,១រ៉ិចទ័រវាយប្រហារ នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិក សម្លាប់មនុស្សជាង៧០នាក់៕ ប្រែសម្រួលដោយ៖ thach yat