ជម្លោះមួយបានកើតឡើងយ៉ាងក្តៅគគុកនៅក្នុងហាងស្រាមួយដែលបានឈានដល់ការប្រើអំពើហឹង្សាបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ និង ៤ នាក់ផ្សេងទៀតរងរបួសដោយសារគ្រាប់កាំភ្លើង។
ប៉ូលិសស្រុក Muang Ang Thong ត្រូវបានគេជូនដំណឹងអំពីការបាញ់ប្រហារមួយនេះនៅឯហាងស្រាមួយតាមបណ្តោយផ្លូវ Ang Thong Bypass ក្នុងសង្កាត់ Phosa នៅវេលាម៉ោងប្រហែល ១ រសៀលថ្ងៃអាទិត្យ។ ពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសបានរកឃើញមនុស្ស ៥ នាក់រងរបួសហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះដែលបានស្លាប់ឈ្មោះ Prasert Sawek អាយុ ៤២ ឆ្នាំ ជាអ្នកស្រុក Muang Ang Thong មានតួនាទីជាមន្រ្តីរាជការក្នុងខណ្ឌ Phra Nakhon នៃទីក្រុងបាងកក។ អ្នករងរបួសបួននាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ang Thong។ ជនរងគ្រោះដែលរងរបួសរហូតដល់ស្លាប់បានញ៉ាំស្រាជាមួយមិត្ដភក្ដិពីរបីនាក់រហូតដល់ម៉ោងហាងបិទទ្វារ ស្រាប់តែពួកគេឈ្លោះប្រកែកគ្នាជាមួយអ្នកភ្ញៀវដទៃទៀតដែលនៅក្នុងហាងបណ្តាលឱ្យមានការបាញ់ប្រហារគ្នាគួរឱ្យរន្ធត់។ ក្នុងហេតុការណនេះបណ្តាលឱ្យបុគ្គលិកភោជនីយដ្ឋានម្នាក់រងរបួសផងដែរ។
ប៉ូលិសបានព្យាយាមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពរបស់ហាងតែវីដេអូត្រូវបានខូចខាតទាំងស្រុង។ ប៉ូលិសកំពុងសួរចម្លើយសាក្សីដែលនៅក្នុងហេតុការណ៍ដើម្បីដឹងពីដំណើររឿងទាំងមូល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand