ក្លិប Manchester City បានចេញសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការថា ខ្សែប្រយុទ្ធ Sergio Aguero នឹងធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញ ដើម្បីវះកាត់របួសជង្គង់។
ក្លិប Man City បានប្រកាសលើបណ្តាញសង្គម Twitter ថា “@aguerosergiokun បានរងរបួសជង្គង់ខាងឆ្វេង ក្នុងអំឡុងពេលទទួលជ័យជម្នះ ៥-០ លើក្រុម Burnley”។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណា ដើម្បីទទួលបានការវះកាត់ពីលោកវេជ្ជបណ្ឌិត Ramon Cugat។
Aguero ក៏បានសរសេរលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរថា “លទ្ធផលពិនិត្យនៅព្រឹកនេះបានបញ្ជាក់ថា ខ្ញុំរងការខូចជង្គង់ខាងឆ្វេង។ វាគួរឱ្យអាណិតណាស់! ប៉ុន្តែខ្ញុំមានស្មារតីល្អធម្មតាទេ ហើយខ្ញុំនឹងព្យាយាមត្រឡប់មកទីលានវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សូមអរគុណច្រើនចំពោះសារទាំងអស់របស់អ្នក!”
យ៉ាងណាមិញគេនៅមិនទាន់ដឹងច្បាស់ពីរយៈពេលដែលត្រូវសម្រាកព្យាបាលនោះទេ ខណៈពេលដែល Man City កំពុងប្រឈមនឹងការអវត្តមានខ្សែប្រយុទ្ធរូបនេះ ក្នុងក្របខ័ណ្ឌ Premier League និង FA Cup វគ្គ៨ក្រុមចុងក្រោយ រួមទាំង Champions League ផងដែរ នៅវគ្គ១៦ក្រុមចុងក្រោយជើងទី២។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore