កីឡាករបាត់ទាត់ Jonny Hayes បានចូលរួមជាមួយក្លឹប Aberdeen ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ដែលបានចុះហត្ថលេខាដំបូងនៅរដូវក្តៅនេះ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ គឺបានចាកចេញពីក្លឹប Celtic នៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ បន្ទាប់ពីបញ្ចប់កុងត្រារយៈពេល ៣ឆ្នាំ របស់គាត់នៅឯ Parkhead។
Hayes រកគ្រាប់បាល់បាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួន ២០៧ប្រកួតនៅ Pittodrie អំឡុងពេលស្នាក់នៅរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១២ ដោយឈ្នះពាន League Cup ឆ្នាំ២០១៤ មុនពេលផ្ទេរចេញក្នុងតម្លៃខ្លួន ១លានផោន ទៅលេងនៅក្លឹប Celtic ។
Hayes បាននិយាយថា “វាពិតជាគួរឱ្យរំភើបណាស់ដែលបានមកលេងនៅក្លឹប Aberdeen ម្តងទៀត” ។ ការមកដល់របស់កីឡាកររូបនេះ បានកើតឡើងបន្ទាប់ពីប្រធាន Dave Cormack បានបញ្ជាក់ថា ក្លឹបបានទូទាត់ប្រាក់ពាក់កណ្តាលនៃការខាតបង់ចំនួន ១០លានផោន រួចរាល់ហើយ ចំពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports