កិច្ចពិភាក្សា រវាងមេទ័ពចិន និងឥណ្ឌា បានអូសបន្លាយ អស់រយៈពេលជាង១១ម៉ោង នៅក្នុងជំនួបពិភាក្សាលើកទីពីរ ក្រោយមានការប៉ះទង្គិចគ្នា នាពេលកន្លងមក។
ជំនួបពិភាក្សានេះ បានធ្វើឡើង នៅតំបន់ព្រំដែន រវាងមេកងពលលេខ១៤ ឈរជើងនៅតំបន់ Leh របស់ឥណ្ឌា គឺឧត្តមសេនីយ៍ត្រី Harinder Singh និងមេទ័ពចិន ប្រចាំនៅតំបន់ព្រំដែន។ ជំនួបពិភាក្សា បានធ្វើឡើង នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ស្ថិតនៅតំបន់ Moldo ក្នុងបន្ទាត់ព្រំដែនពិត LAC ស្ថិតក្នុងដែនដីប្រទេសចិន។ ជំនួបពិភាក្សានោះបានអូសបន្លាយពេល រហូតដល់ទៅ១១ម៉ោង។
ភាគីទាំងពីរបានពិភាក្សស្តីពីការកាត់បន្ថយភាពតានតឹង នៅតំបន់ភាគខាងកើតរដ្ឋ Ladakh ក្រោយប្រទេសទាំងពីរបង្កើតកម្លាំងទាហាន នៅទីនោះ។ ជាមួយគ្នានេះ ឥណ្ឌា និងចិនក៏បាន លើកឡើងពីវត្តមាន នៃយន្តហោះចម្បាំងរបស់ប្រទេសទាំងពីរ នៅក្នុងតំបន់ជិតព្រំដែន ។
ឥណ្ឌា និងចិនបានរៀបចំជំនួបពិភាក្សាគ្នាជាច្រើនលើក ក្រោយពេលមានទាហានប្រទេសទាំងពីរប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា នៅតំបន់ Galwan បណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់។ ចំណែកភាគីចិនក៏មានទាហានស្លាប់ និងរបួស៤៣នាក់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO