តាមសេចក្តីរាយការណ៍នៅអង់គ្លេសបានឱ្យដឹងថា ក្លិបតោខៀវ Chelsea ឈានដល់កិច្ចព្រមព្រៀងលក់ខ្សែបម្រើ Mario Pasalic ទៅឱ្យក្លិប Atalanta ជាអចិន្រ្តៃយ៍ក្នុងតម្លៃ ១៥លានអឺរ៉ូ ឬប្រមាណ ១៨លានដុល្លារ។
ក្រោយខ្ចីជើងយកមកលេងបានជិតពីររដូវកាលកន្លងទៅ Atalanta សម្រេចចុះហត្ថលេខាលើកីឡាករ Pasalic ដើម្បីទិញផ្តាច់កុងត្រាពី Chelsea តែម្តង។ គួរបញ្ជាក់ផងដែរថា Pasalic បានផ្លាស់មកពីក្លិបរបស់ក្រូអាត Hajduk Split នៅឆ្នាំ២០១៤ ក្នុងតម្លៃខ្លួនត្រឹមតែ ៣លានផោនប៉ុណ្ណោះ។ ដ្បិតជាកីឡាករ Chelsea ក៏ពិតមែន ប៉ុន្តែមិនដែលបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការសម្រាប់ក្លិបម្តងណាសោះឡើយ ពោលគឺរយៈពេល៦ឆ្នាំកន្លងទៅ រូបគេត្រូវបានដាក់ឱ្យខ្ចីជើងនៅក្លិបដូចជា Elche ឆ្នាំ២០១៤, Monaco ឆ្នាំ២០១៥, Milan ឆ្នាំ២០១៦ Spartak Moscow ឆ្នាំ២០១៧, និងក្រោយបង្អស់នៅ Atalanta រហូតមកដល់បច្ចុប្បន្ន។
អាជីពរបស់កីឡាករអន្តរជាតិក្រូអាតវ័យ២៥ឆ្នាំរូបនេះ ទទួលជោគជ័យក្រោយផ្លាស់មកលេងនៅ Atalanta ហើយសម្រាប់រដូវកាលនេះ រូបគេរកគ្រប់បាល់បញ្ចូលទីបាន ៧គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៣៣ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ក្នុងឆ្នាំ២០១៩-២០។ Pasalic ក៏ជាផ្នែកមួយដែលជួយឱ្យ Atalanta ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្របខ័ណ្ឌ Champions League ក្នុងរដូវកាលនេះផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore