តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ចចម្រុះ ខណៈពេលកំពុងធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រីខុស ច្បាប់នៅតំបន់អភិរក្ស កាលពីថ្ងៃ២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នេះ។
បើតាមការបញ្ជាក់ពីមន្ត្រីជលផលខេត្តបានឱ្យដឹងថា កម្លាំងចម្រុះ រួមមាននគរបាលប៉ុស្តិ៍ឆ្មាំទន្លេ ព្រមទាំងនគរបាលការពារព្រំដែន បានឃាត់ខ្លួនក្រុមជនសង្ស័យក្នុងពេលកំពុងធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ រយៈពេលពីរថ្ងៃមកនេះ។
ក្រោយពីការឃាត់ខ្លួនខាងលើ សមត្ថកិច្ចចម្រុះបានដកហូតក្បាលឆក់មួយគ្រឿង អាគុយកម្លាំង៤០អំពែមួយគ្រឿង និងម៉ូតូហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១២មួយគ្រឿងផងដែរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលជលផល សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីបន្តតាមនីតិវិធី៕ដោយ៖ត្នោត