មនុស្សរាប់លាននាក់ នៅលើពិភពលោក តែងតែតាមដានអំពីសកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយពិភពលោកបានស្គាល់មេដឹកនាំផ្ដាច់ការមួយនេះ តាមរយ:ការបាញ់សាកល្បង អាវុធ មហាប្រល័យលោកជាច្រើនលើកច្រើនសា រហូតធ្វើឲ្យប្រទេសជិតខាងព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅក្នុងតំបន់ និងពិភពលោក។ ប៉ុន្ដែបើនិយាយអំពីទ្រព្យសម្បត្ដិរបស់មេដឹកផ្ដាច់ការមួយនេះ មានមនុស្ស តិចណាស់បានដឹង។
បើយោងតាមគេហទំព័រ Wealthygorilla បានឲ្យដឹងថា ក្នុងចំណោមប្រមុខរដ្ឋទាំងអស់ នៅលើពិភពលោក គឺលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានទ្រព្យសម្បត្ដិ រហូតដល់៥ពាន់លានដុល្លារអាមេរិក។ រហូតមកដល់ពេលនេះ លោក គីម ជុងអ៊ុន បានក្លាយជាប្រមុខរដ្ឋមានទ្រព្យសម្បត្ដិច្រើនបំផុតលំដាប់ទី១៦ នៅលើភពផែនដី នាឆ្នាំ២០២០នេះ។
លោក គីម ជុងអ៊ុន កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨២ ហើយលោកបានទៅសិក្សា នៅក្នុងប្រទេសស្វីស។ លោក គីម ជុងអ៊ុន ក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១១ និងជាមេបក្សពលករកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១២មក។ លោក គីម ជុងអ៊ុន ជាកូនទី២របស់លោក គីម ចុងអ៊ីល ដែលជាមេដឹកនាំកំពូលទី២របស់កូរ៉េខាងជើង ឡើងកាន់តំណែង ចន្លោះពីឆ្នាំ១៩៩៤ដល់២០១១។
លោក គីម ជុងអ៊ុន ជាចៅប្រុសរបស់លោក គីម អ៊ីលស៊ុង ដែលជាស្ថាបនិក និងជាមេដឹកនាំកំពូលដំបូងរបស់កូរ៉េខាងជើង បានឡើងកាន់អំណាច ចាប់តាំងពីការបង្កើតប្រទេសកូរ៉េខាងជើង នៅឆ្នាំ១៩៤៨ រហូតដល់គាត់ស្លាប់ នៅក្នុងអំឡុងឆ្នាំ១៩៩៤។ ចាប់ពីចុងឆ្នាំ២០១០មក លោក គីម ជុងអ៊ុន ត្រូវគេមើលឃើញថា លោកជាអ្នកស្នងតំណែងមេដឹកនាំកូរ៉េខាងជើង។ ក្រោយពេលការស្លាប់របស់ឪពុកលោក នៅក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១១នោះមក បណ្ដាញទូរទស្សន៍របស់កូរ៉េខាងជើង បានប្រកាសពីការស្នងតំណែងដ៏អស្ចារ្យមួយរបស់លោក គីម ជុងអ៊ុន។
ក្រោយការឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើង មិនបានប៉ុន្មានផង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន បាញ់សាកល្បងអាវុធមហាប្រល័យលោក ជាច្រើនលើកច្រើនសា រហូតធ្វើឲ្យបណ្ដាប្រទេសនានា នៅលើពិភពលោក បានស្គាល់លោកកាន់តែច្បាស់។ ការសាកល្បងអាវុធនុយក្លេអ៊ែររបស់មេដឹកនាំកូរ៉េខាងជើង នេះ បានធ្វើឲ្យអង្គកាសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ជាពិសេស អាមេរិក និងសម្ពន្ធមិត្ត រួមមាន ជប៉ុន និងកូរ៉េខាងត្បូង។ ពិភពលោកបានចាត់ទុកសកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង ជាការគំរាមកំហែងដល់សន្ដិសុខ និងស្ថិរភាព ទាំងនៅលើពិភពលោក និងនៅក្នុងតំបន់។
ចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេសកូរ៉េខាងជើងនោះមក លោក គីម ជុងអ៊ុន បានបន្ដគោលនយោបាយរបស់ជីតា និងឪពុករបស់លោក ប្រឆាំងនឹងលោកខាងលិច ហើយពិភពលោកទាំងមូល ក៏ផ្ដោតអារម្មណ៍ទៅលើមេដឹកនាំវ័យក្មេងរូបនេះផងដែរ។ ថ្វីបើលោកមានឋាន:កំពូល នៃរបបកុម្មុយនីស្ដនិយម ជាមេដឹកនាំផ្ដាច់ការក្ដី តែលោកក៏មានទ្រព្យសម្បត្ដិផ្ទាល់ខ្លួនរបស់លោកផងដែរ។
នៅក្នុងប្រទេសកូរ៉េខាងជើង មិនមានអ្នកណាម្នាក់អាចប៉ាន់ប្រមាណអំពីទ្រព្យសម្បត្ដិរបស់កូរ៉េខាងជើងនោះឡើយ។ ប៉ុន្ដទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ននេះ គេអាចប៉ាន់ប្រមាណថា លោក គីម ជុងអ៊ុន មានទ្រព្យសម្បត្ដិ រហូតដល់៥ពាន់លានដុល្លារអាមេរិក។
លំហូរសាច់ប្រាក់របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ អាចបានមកពីចំណងគ្រួសារ គឺលោក គីម អ៊ីលស៊ុង ជាជីតារបស់លោក គីម ជុងអ៊ុន ដែលជាអ្នកបង្កើតប្រទេសកូរ៉េខាងជើង។ ដោយសារការទទួលកេរពីឪពុក និងជីតា ទើបធ្វើឲ្យលោក គីម ជុងអ៊ុន មានទ្រព្យច្រើន ហើយត្រូវបានគេចោទថា ទ្រព្យរបស់លោកទាំងនោះ ត្រូវដាក់នៅក្នុងគណនីជាច្រើន នៅពាសពេញពិភពលោក។ ប្រែសម្រួលដោយ Nuon