អេស្ប៉ាញ ៖ ខ្សែបម្រើ Arturo Vidal របស់ក្រុម Barcelona បានបង្ហាញតម្រុយនៃការចាកចេញ បន្ទាប់ពីបានសារភាពថា ខ្លួននឹងសប្បាយចិត្ត ប្រសិនបើគ្រូបង្វឹកថ្មីលោក Andrea Pirlo ឬក្លិប Juventus ធ្វើការទាក់ទងមកកាន់រូបគេ។
ខ្សែបម្រើអន្តរជាតិឈីលីវ័យ ៣៣ឆ្នាំរូបនេះ ធ្លាប់បង្ហាញខ្លួនបានចំនួន ១៧១ប្រកួតរយៈពេល ៤ឆ្នាំជាមួយ Juventus នៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ដោយបានឈ្នះពានរង្វាន់ធំៗ ចំនួន ៧ រួមទាំងជើងឯក Serie A មុនពេលបានផ្លាស់ទៅ Bayern Munich នៅរដូវក្តៅឆ្នាំ ២០១៥។
និងបានបន្តផ្លាស់មកចូលរួមជាមួយ Barcelona នៅឆ្នាំ ២០១៨ ក្នុងតម្លៃ ១៩លានអឺរ៉ូ។ ហើយគិតមកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនចំនួន ៩៦ប្រកួត ស៊ុតបញ្ចូលទី ១១គ្រាប់។ បច្ចុប្បន្ន Vidal ក៏សិ្ថតក្នុងចំណោមកីឡាករដែលត្រូវលក់ចេញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Ronald Koeman ផងដែរ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក Daniel Habif ក្នុងកម្មវិធីមួយលើប្រព័ន្ធយូធូប Vidal បាននិយាយយ៉ាងដូច្នេះថា «គាត់ [Pirlo] គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលធ្វើរឿងមិនគួរឱ្យជឿជាច្រើន។ ប៉ុន្តែអ្នកសាកស្រមៃរូបភាព ដែលគាត់ជាគ្រូបង្វឹកវិញ តើវានឹងទៅជាយ៉ាងណា? ។ ហើយប្រសិនបើគាត់ ឬ Juventus ទាក់ទងមកខ្ញុំ នោះខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់»៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព