ប្រទេសចិនបានប្រកាសថា រកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន២២ករណីបន្ថែមទៀត ក្នុងនោះ១៣ករណីរកឃើញនៅទីក្រុងប៉េកាំង ។
សេចក្តីជូនដំណឹងរបស់មន្ត្រីបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺរកឃើញថ្មីទាំង២២ករណីនោះ មាន៩ករណីបាននាំមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរជនជាតិចិន ។ អ្នកដំណើរជនជាតិចិន៧នាក់ធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត មកដល់ភាគខាងលិចទីក្រុង Lanzhou ខេត្តកានស៊ូ (Gansu) រកឃើញឆ្លងវីរុសកូវីដ១៩ ។
គណៈកម្មាធិការសុខភាពជាតិមិនបានបញ្ជាក់នោះទេ ថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នេះ ។
ចំនួនអ្នកជំងឺបច្ចុប្បន្នដែលស្ថិតនៅក្នុងការព្យាបាល បានកើនឡើងពី១០នាក់ដល់៣៥៩នាក់ ខណៈដែល ១១៤ នាក់ត្រូវបានដាក់ឲ្យនៅដោយឡែកពីគេឯង ។ ពួកគេធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបង្ហាញរោគសញ្ញាចេញមកខាងក្រៅ ។
ប្រទេសចិនបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៤ ៦៣៤ នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨៣ ៤១៨ នាក់ គិតចាប់តាំងពីជំងឺនេះ រកឃើញដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩មក ។
អ្នកនាំពាក្យទីក្រុងប៉េកាំង លោក Xu Hejian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនាថា ខណៈដែលស្ថានភាពនៅក្នុងទីក្រុងកំពុងឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវនោះ វិធានការបង្ការ ទប់ស្កាត់ នៅតែត្រូវបានអនុវត្តខ្លាំងក្លា និងហ្មឺងម៉ាត់ជានិច្ច៕ ប្រែសម្រួលដោយ៖ thach yat