ឥណ្ឌូនេស៊ី ៖ វិទ្យាស្ថានវិទ្យាសាស្ត្រម៉ូលេគុល ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា បាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើមុយតាស្យុង របស់វីរុសកូរ៉ូណាដែលបង្កទៅជាកូវីដ ត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្របជាមួយនឹងការកើនឡើងករណីជាបន្តបន្ទាប់។
ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ២,៨៥៨នាក់ កាលពីថ្ងៃអាទិត្យ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា នៅក្រោមកំណត់ត្រាកាលពីថ្ងៃម្សិលមិញមានចំនួន ៣៣០៨នាក់ ប៉ុន្តែខ្ពស់ជាងមធ្យមភាគប្រចាំខែកាលពីខែមុន។ ចំនួនករណីសរុបរបស់វា គឺ ១៧២,០៥៣ និងករណីអ្នកបាត់បង់ជីវិតដោយកូវីដ១៩ មាន ៧,៣៤៣នាក់។
លោក Herawati Sudoyo នាយករងបានប្រាប់រ៉យទ័រថា ការធ្វើមុយតាស្យុងទៅលើសែន D614G បានធ្វើឱ្យវាកាន់តែងាយឆ្លងតែស្រាលជាងមុន ហើយត្រូវបានគេរកឃើញនៅក្នុងទិន្នន័យលំដាប់សែនពីគម្រូដែលប្រមូលដោយវិទ្យាស្ថាន។ ពពួកថ្មីនៃមេរោគកូវីដ ដែលអង្គការសុខភាពពិភពលោកបាននិយាយថា ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងខែកុម្ភៈ និងបានសាយភាយនៅអឺរ៉ុប និងអាមេរិក ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសជិតខាងសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។
លោក Syahrizal Syarif អ្នកជំនាញខាងរោគរាតត្បាតនៅសាកលវិទ្យាល័យឥណ្ឌូណេស៊ីបានព្រមានថា ប្រជាជនឥណ្ឌូនេស៊ី ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ព្រោះថា តាមការសិក្សារបស់គាត់បានបង្ហាញថា ប្រទេសនេះ អាចនឹងមានករណីកូវីដកើនដល់ ៥០ម៉ឺនករណីនៅចុងឆ្នាំនេះ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព