Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហិង្សានៅភាគខាងត្បូងម៉ិកស៊ិក​ស្លាប់​យ៉ាងតិច​១៥នាក់

អំពើហិង្សា​បានផ្ទុះឡើង ​នៅភាគខាងត្បូង​របស់ប្រទេសម៉ិកស៊ិក​ ជាទីកន្លែង​ធ្លាប់មានការប្រឈមមុខ​តានតឹងដាក់គ្នា អស់ពេលយូរឆ្នាំ​មកហើយ រវាង​ក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំង​នឹង​គម្រោង​ស្ថានីយផលិតថាមពលប្រើប្រាស់ខ្យល់។ 

ប្រធានសហគមន៍​ឈូងសមុទ្រប៉ាស៊ីហ្វិក តំបន់ San Mateo del Mar រដ្ឋ Oaxaca កាលពីថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២០​ បាន​បញ្ជាក់ថា បុរស​១៣នាក់ និងស្ត្រី២នាក់​បានស្លាប់​​ នៅក្នុងការវាយប្រហារ​បង្កឡើង ដោយក្រុមប្រឆាំង ​កាលពីថ្ងៃទី២១​ ខែមិថុនា ។ 

ក្រុមប្រឆាំង​ដែលទទួលបានជោគជ័យ នៅក្នុងការតវ៉ា​​ទៅលើ​គម្រោង​ផលិតថាមពលខ្យល់ ភាគច្រើន​នៅក្នុងតំបន់​ជនជាតិភាគតិច​នោះ ​បាន​និយាយថា ក្រុមអ្នក​គាំទ្រ​របស់ប្រធានសហគមន៍ទៅវិញទេ​ ជា​អ្នក​បាន​វាយឆ្មក់​មកលើទីតាំងពួកគេ ជាកន្លែង​ត្រួតពិនិត្យ​វីរុស​កូវីដ​១៩ ហើយបានចាប់ផ្តើម​បាញ់ប្រហារ។ ក្រុមអ្នកប្រឆាំង​ បានអះអាងទៀតថា មនុស្សជាច្រើន​នាក់បានរងរបួស ប៉ុន្តែ​ពួកគេមិនផ្តល់​ចំនួនពិតប្រាកដ​ថាមានប៉ុន្មាននាក់​នោះឡើយ ។ 

មន្ត្រី​ក្នុងរដ្ឋភាគខាងត្បូងម៉ិកស៊ិក​ បានអះអាងថា មនុស្ស​១៥នាក់​បានស្លាប់ ។ រីឯកងកម្លាំង​សមត្ថកិច្ច​ជាង​១០០នាក់ ​ត្រូវបញ្ជូន​ទៅកាន់ទីតាំងកើតហេតុ។ 

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើ​ការប្រឈមមុខដាក់គ្នា​ កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ស្ថិតនៅ​តំបន់ San Mateo del Mar បានចាប់ផ្តើម​កើតចេញពី​ទីតាំងត្រួតពិនិត្យ​អនាម័យ ដែលកាលថ្មីៗនេះ​មានការរាតត្បាត​វីរុស​កូវីដ​១៩​​ឬយ៉ាងណានោះទេ។ 

ក្នុងតំបន់​នេះ ​មានការប្រឈមមុខ​ដាក់គ្នា​ អស់រយ:ពេលយូរឆ្នាំ​មកហើយ ​រវាង​ក្រុមប្រឆាំង និងក្រុមគាំទ្រ​គម្រោងស្ថានីយផលិតថាមពលប្រើប្រាស់ខ្យល់។ ជម្លោះបានចាប់ផ្តើម តាំងពីឆ្នាំ២០១២មក នៅពេលដែល​សម្ព័ន្ធក្រុម​ហ៊ុន​មួយ​ព្យាយាម​បង្កើត​ស្ថានីយថាមពលប្រើប្រាស់ខ្យល់​ ទំហំ​៣៩៦មេហ្គាវ៉ាត់​ នៅលើផ្ទៃដីតូចចង្អៀត​ តាមមាត់ទន្លេ ជិតទីក្រុង San Mateo ។ 

ក្រុមប្រឆាំង​ព្យាយាមបិទគម្រោងនេះ ដោយលើកហេតុផលថា វា​ប៉ះពាល់ដល់ការនេសាទត្រី ការធ្វើកសិកម្ម ក៏ដូចជា ​ប៉ះពាល់ដល់​ជំនឿគោរពបូជា​អារក្សអ្នកតាព្រៃភ្នំរបស់ពលរដ្ឋ នៅក្នុងតំបន់នោះ។ 

អ្នក​ស្រុក​រស់នៅក្នុងតំបន់ ​ភាគច្រើន​ជាជនជាតិភាគតិច Ikoots ឬពេលខ្លះ​ហៅថា Huaves ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9414172