កាលពីថ្ងៃចន្ទរដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៣នាក់ និងគ្មានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ៣១៥១នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៧១នាក់។
គិតមកដល់ថ្ងៃនេះមាន ២៨ថ្ងៃហើយដែលថៃមិនមានអ្នកឆ្លងមេរោគក្នុងតំបន់។ អ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានភាពរដ្ឋបាលមេរោគកូវីដ-១៩លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បានមានប្រសាសន៍ថា អ្នកឆ្លងថ្មីចំនួន ៣នាក់់គឺជនជាតិថៃដែលត្រឡប់មកពីប្រទេសឥណ្ឌាហើយត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក។
លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា បើទោះបីជាគ្មានអ្នកឆ្លងក្នុងតំបន់់ក្តី ក៏ប្រជាជនមិនគួរភ្លេចនូវវិធានការណ៍សុខភាពនោះទេ ព្រោះថាប្រសិនបើមានអ្នកឆ្លងក្នុងតំបន់តែម្នាក់នោះ នឹងមានការរីករាលដាលទូទាំងប្រទេសដោយសារតែគ្រប់គ្នាមិនបានរក្សាគម្លាតពីគ្នា។ រដ្ឋាភិបាលកំពុងសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ាទាក់ទងនឹងអ្នកឆ្លងវីរុសទាំង ២៣នាក់ដែលបានត្រឡប់មកពីប្រទេសថៃ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post