សកម្មជនអាកាសធាតុប្រទេសស៊ុយអែត គឺនាង Greta Thunberg ត្រូវបានពិភពលោកទទួលស្គាល់ថា ជាអ្នកដែលតស៊ូស្វិតស្វាញដើម្បីបុព្វហេតុអាកាសធាតុ ។ នាងបានធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកស្ងើចសរសើរ ហើយទទួលបានការគោរពស្ងប់ស្ញែងក្នុងសកម្មភាពប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ។
តទៅនេះ TNAOT APP សូមលើកយកប្រវត្តិ និងសកម្មភាពខ្លះៗរបស់សកម្មជនអាកាសធាតុវ័យក្មេងរូបនេះមកចុះផ្សាយចែកជូនមិត្តនិយមអានឲ្យបានដឹងដូចខាងក្រោម៖
នាង Greta Thunberg កើតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០៣ ។ បច្ចុប្បន្ននេះអាយុបាន១៧ឆ្នាំ ។ នាងកើតនៅទីក្រុងស្តក់ខម ប្រទេសស៊ុយអែត ។ នាងគឺជាសកម្មជនអាកាសធាតុស៊ុយអែតវ័យក្មេងជាងគេបំផុត និងមានការទទួលស្គាល់ជាអន្តរាជាតិនៅក្នុងកិច្ចខិតខំរបស់នាងដើម្បីឲ្យមានការប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ ។
តើ Greta Thunberg ជានរណា?
នាង Greta Thunberg គឺជាសកម្មជនយុវជនអាកាសធាតុស៊ុយអែតវ័យក្មេងមួយរូប ដែលបានជំរុញចលនាអន្តរជាតិឲ្យប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមក្នុងឆ្នាំ២០១៨ ។ ជាមួយនឹងសារសាមញ្ញថា «គេចសាលាដើម្បីបុព្វហេតុអាកាសធាតុ» និងការសរសេរអក្សរដោយដៃនៅលើផ្ទាំងរូបភាព, នាង Thunberg បានចាប់ផ្តើមមិនចូលរៀននៅរាល់ថ្ងៃសុក្រ ដើម្បីតវ៉ានៅខាងក្រៅសភាស៊ុយអែត ។ អរគុណសម្រាប់បណ្តាញសង្គម សកម្មភាពរបស់នាងបានរាលដាលយ៉ាងឆាប់រហ័សទៅដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ជាពិសេសក្នុងស្រទាប់ក្រុមយុវជនបាននាំគ្នាចូលរួមបាតុកម្មតវ៉ា។
យុទ្ធនាការ ដែលហៅថា “ថ្ងៃសុក្រសម្រាប់អនាគត”, នាង Thunberg និងយុវជនដែលមានការព្រួយបារម្ភដទៃទៀតនៅទូទាំងទ្វីបអឺរ៉ុប បានបន្តដាក់សម្ពាធទៅលើមេដឹកនាំ និងសមាជិកសភា ឱ្យធ្វើសកម្មភាពលើការប្រែប្រួលអាកាសធាតុ តាមរយៈការដើរហែក្បួនជាប្រចាំរបស់ពួកគេ ។ នាង Thunberg ក៏បានធ្វើដំណើរជុំវិញពិភពលោកផងដែរ ជួបជាមួយមេដឹកនាំពិភពលោក និងថ្លែងសុន្ទរកថា នៅឯអង្គសន្និបាតអង្គការសហប្រជាជាតិ ទាមទារឲ្យមានកិច្ចព្រមព្រៀង និងដំណោះស្រាយចំពោះកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស ។
នាង Thunberg គឺជាបេក្ខភាពទទួលពានរង្វាន់សន្តិភាព កាលពីខែមីនា ឆ្នាំ២០១៩ ។ ប៉ុន្មានខែក្រោយមកទៀត នាងបានក្លាយជាបុគ្គលវ័យក្មេងបំផុតទទួលបានកិត្តិយសល្បាញល្បីនៅលើទស្សនាវដ្តី Time ប្រចាំឆ្នាំ ។
ឆាកជីវិតក្នុងគ្រាដើម
នាង Thunberg កើតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០៣ នៅទីក្រុង ស្តក់ខម ប្រទេសស៊ុយអែត ។ នាង Thunberg បានចាប់ផ្តើមសកម្មភាពអាកាសធាតុរបស់នាងនៅក្នុងអាយុ១៥ឆ្នាំ ។ នាងបានកើតនៅក្នុងក្រុមគ្រួសារអ្នកសិល្បៈ គឺជាតារាសម្តែងមួយរូប ។ នាងមានប្អូនស្រីម្នាក់ទៀតឈ្មោះ Beata ដែលជាតារាចំរៀងដ៏មានប្រជាប្រិយនៅស៊ុយអែត ។
សកម្មភាពអាកាសធាតុ
នាង Thunberg ស្ថិតនៅអាយុ៨ឆ្នាំ នៅពេលនាងបានសិក្សាដំបូងអំពីវិបត្តិអាកាសធាតុ ។ តាំងពីពេលនោះមក នាងបានខិតខំដើម្បីកាត់បន្ថយកម្រិតបញ្ចេញកាបូនរបស់នាង តាមរយៈការមិនធ្វើដំណើរតាមយានយន្តដែលបញ្ចេញឧស្ម័នកាបូន ហើយសកម្មភាពរបស់នាង បានជះឥទ្ធិពលដល់ក្រុមគ្រួសារឲ្យយកលំនាំតាម ។
ក្នុងនាមជាអ្នកនាំមុខរបស់ចលនាយុវជនអាកាសធាតុ, នាង Thunberg ត្រូវបានគេអញ្ជើញឱ្យទៅថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំជាច្រើន រួមទាំងបាតុកម្ម នៅទីក្រុងស្តកខម, ទីក្រុងឡុង និងប៊្រុចសែលជាដើម ។ សុន្ទរកថារបស់នាងនៅខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Katowice ប្រទេសប៉ូឡូញ រឹងរិតតែធ្វើឲ្យនាងកាន់តែល្បីល្បាញនៅលើពិភពលោក ។
ការថ្លែងនៅឯកិច្ចប្រជុំកំពូលនោះ នាង Thunberg បានបញ្ជាក់ថា “ អ្នកមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីប្រាប់វាដូច្នេះទេ ។ បើទោះបីបន្ទុកនោះ អ្នកទុកឱ្យយើងជាកុមារក៏ដោយ ប៉ុន្តែខ្ញុំមិនខ្វល់ពីការពេញនិយមអ្វីទេ ។ ខ្ញុំខ្វល់អំពីរៀងយុត្តិធម៌អាកាសធាតុ និងភពផែនដីដែលកំពុងរស់នៅ» ។
ដំណើរឆ្លងមហាសមុទ្រអាត្លង់ទិកទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេអញ្ជើញឱ្យថ្លែងនៅឯកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលបានប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ ២០១៩ ។ នាង Thunberg បានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកតាមទូក ដែលបញ្ចេញឧស្ម័នសូន្យ អមដោយឪពុករបស់នាង និងនាវិកគាំទ្រ ។ ចំណាយពេលតែជាង ២ សប្តាហ៍ ទូកនោះបានទៅដល់ទីក្រុងញូវយ៉ក នៅថ្ងៃទី ២៨ ខែសីហា ហើយពីទីនោះ នាង Thunberg បានទៅជួបជាមួយប្រធានាធិបតីបារ៉ាក់ អូបាម៉ា ហើយក្រោយមក បានឡើងថ្លែងនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស មុខគណៈកម្មាធិការជ្រើសរើសរបស់សភាអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី ១៨ ខែកញ្ញា ។
ដោយដឹងអំពីស្ទីលនិយាយមិនច្បាស់របស់ខ្លួន, នាង Thunberg បានថ្លែងនៅចំពោះមុខគណៈកម្មាធិការនានានោះ ហើយផ្ទុយទៅវិញ នាងបានជំរុញរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិដោយនាងបាននិយាយថា “ ខ្ញុំមិនចង់អោយអ្នកស្តាប់ខ្ញុំទេ ។ ខ្ញុំចង់អោយអ្នកស្តាប់អ្នកវិទ្យាសាស្ត្រ» ។
បាតុកម្មប្រឆាំងការបម្រែបម្រួលអាកាសធាតុជាប្រវត្តិសាស្ត្រនៅទីក្រុងញូវយ៉ក
ពីរថ្ងៃក្រោយមក នៅថ្ងៃទី ២០ ខែកញ្ញា នាងThunberg បានដើរជាមួយក្រុមបាតុកររាប់លាននាក់នៅទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានសកម្មភាពអាកាសធាតុ នៅឯការធ្វើបាតុកម្មប្រឆាំងការបម្រែបម្រួលអាកាសធាតុសកល នៅទីក្រុងញូវយ៉ក ។ បាតុកម្មនេះ បានក្លាយជាបាតុកម្មអាកាសធាតុធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ មានប្រជាជនសរុបចំនួន ៤ លាននាក់ បានដើរហែក្បួនទូទាំងពិភពលោក ។ នៅថ្ងៃបន្ទាប់ នាងបានឡើងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលយុវជនអង្គការសហប្រជាជាតិ។
ថ្វីត្បិតតែភ្នែករបស់ពិភពលោកសំឡឹងទៅលើសកម្មជនវ័យជំទង់រួចទៅហើយក្តី ប៉ុន្តែសុន្ទរកថា របស់នាង Thunberg នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុង កិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននាំមកនូវព័ត៌មានសំខាន់ៗ ។ បានឡើងថ្លែងនៅមុនប្រមុខមេដឹកនាំ, មុនសមាជិកសភា និងមុនអគ្គលេខាធិការប្រជាជាតិ លោក Antonio Guterresនោះ, នាង Thunberg បានសម្តែងការពេញចិត្តជាខ្លាំងចំពោះសុន្ទរកថាមួយនេះរបស់នាង ។
នាង Thunberg បានថ្លែងថា “អ្នកបានលួចក្តីសុបិន្តរបស់ខ្ញុំ និងកុមារភាពរបស់ខ្ញុំ ដោយពាក្យពេចន៍ទទេៗរបស់អ្នក ។ ប៉ុន្តែខ្ញុំជាមនុស្សសំណាងម្នាក់។ មនុស្សកំពុងរងទុក្ខ ។ មនុស្សកំពុងស្លាប់ ។ ប្រព័ន្ធអេកូឡូស៊ីទាំងមូលកំពុងដួលរលំ” ។ “យើងកំពុងចាប់ផ្តើមការផុតពូជដ៏ធំមួយហើយ អ្វីដែលអ្នកអាចនិយាយបាន គឺរឿងលុយ និងរឿងនិទាននៃកំណើនសេដ្ឋកិច្ចអស់កល្ប ។ តើអ្នកហ៊ានយ៉ាងម៉េច!” ។
នាងបានបន្ថែមទៀតថា “ជាង៣០ឆ្នាំមកហើយ វិទ្យាសាស្ត្របានភ្លឺថ្លា ។ តើអ្នកហ៊ានមើលទៅឆ្ងាយយ៉ាងដូចម្តេច ហើយមកទីនេះដោយនិយាយថា អ្នកធ្វើបានគ្រប់គ្រាន់ហើយ នៅពេលដែលនយោបាយ និងដំណោះស្រាយចាំបាច់ នៅតែមិនទាន់ឃើញនៅឡើយ… អ្នកកំពុងធ្វើឱ្យយើងបរាជ័យ ប៉ុន្តែយុវជនចាប់ផ្តើមយល់ពីការក្បត់របស់អ្នក ។ ភ្នែករបស់មនុស្សជំនាន់ក្រោយ គឺកំពុងសំឡឹងទៅលើអ្នកហើយ ប្រសិនបើអ្នកសំរេចថា វាបរាជ័យនោះ យើងខ្ញុំនិយាយថា យើងនឹងមិនអត់ឱនឱ្យអ្នកទេ» ។
ប៉ុន្មានថ្ងៃក្រោយមក នាង Thunberg ដោយមានការចូលរួមពីសកម្មជនអាកាសធាតុវ័យក្មេង ១៥ នាក់ផ្សេងទៀត បានដាក់ពាក្យបណ្តឹងជាផ្លូវការថា ប្រទេសចំនួន ៥ គឺអាហ្សង់ទីន, បារាំង, អាឡឺម៉ង់, ប្រេស៊ីល និងទួរគី មិនបានគោរពតាមការសន្យារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសន្ធិសញ្ញាសិទ្ធិកុមារ ។
ការឆ្លើយតបរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
សុន្ទរកថា “How Dare You (ម្ត៉េចអ្នកហ៊ាននិយាយ)” របស់នាង Thunberg បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាអ្នកដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស បានបង្ខំចិត្តនិយាយបែបលេងសើចថា “នាងហាក់ដូចជាក្មេងស្រីវ័យក្មេង ដែលរីករាយណាស់នៅពេលមើលទៅកាន់អនាគតដ៏ភ្លឺស្វាង និងអស្ចារ្យ ។ ប្រសើរណាស់ ដែលបានឃើញដូច្នេះ!”។ លោកដូណាល់ ត្រាំ ដែលបានសរសេរនៅលើបណ្តាញ Tweet។
ជាការឆ្លើយតប នាង Thunberg បានប្តូរ Tweetរបស់នាងជាបណ្តោះអាសន្ន ដោយមកដាក់ភាសារបស់លោកដូណាល់ ត្រាំ ប្រឆាំងនឹងរូបនាងជំនួសវិញ ។ ព័ត៌មានផ្ទាល់ខ្លួនរបស់នាងបានសរសេរថា “ក្មេងស្រីវ័យក្មេងដែលមានសេចក្តីរីករាយកំពុងទន្ទឹងរង់ចាំអនាគតភ្លឺស្វាង និងអស្ចារ្យ” ។
នៅខែធ្នូ ឆ្នាំ២០១៩ នាងThunberg ស្ថិតក្នុងចំណោមវាគ្មិនដែលត្រូវថ្លែងសុន្ទរកថា នៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP25) នៅទីក្រុង ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ។ នាងក៏បានចូលរួមបាតុកម្មអាកាសធាតុដ៏សំខាន់មួយទៀត នៅក្នុងទីក្រុង ដោយប្រាប់អ្នកតវ៉ាផ្សេងទៀតថា“ ក្តីសង្ឃឹមមិនស្ថិតនៅក្នុងជញ្ជាំង COP25 នោះទេ ។ ក្តីសង្ឃឹមគឺនៅខាងក្រៅទីនេះជាមួយអ្នក” ។
បេក្ខជនត្រូវទទួលបានពានរង្វាន់ណូបែលសន្តិភាព
នៅខែមីនា ឆ្នាំ ២០១៩ នាង Thunberg គឺជាបេក្ខជនដែលនឹងត្រូវប្រគល់ជូនពានរង្វាន់ណូបែលសន្តិភាព សម្រាប់សកម្មភាពអាកាសធាតុរបស់នាង ។ ទោះយ៉ាងណាក៏ដោយ នាងបានបាត់បង់ពានរង្វាន់នេះ ហើយបានធ្លាក់ទៅលើលោកនាយករដ្ឋមន្រ្តីអេត្យូពី Abiy Ahmedនោះវិញ ។
នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ នាង Thunberg ត្រូវបានគេដាក់ឈ្មោះថា ជាបុគ្គលប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time ។ មួយខែទៀតបន្ទាប់ពីនោះ នាងគ្រប់អាយុ១៧ឆ្នាំ ។ នាងបានក្លាយជាបុគ្គលក្មេងជាងគេ ដែលទទួលបានកិត្តិយសនេះ ។ និពន្ធនាយកទស្សនាវដ្តី Time បានសរសេរថា«Thunberg បានក្លាយជាសំឡេងដ៏ធំបំផុត នៅលើបញ្ហាដ៏ធំបំផុតដែលកំពុងប្រឈមមុខនៅលើភពផែនដី» ។
ឆ្នាំ២០១៩នេះជាឆ្នាំដែលវិបត្តិអាកាសធាតុបានកើតឡើង ហើយកើតឡើងនៅចំកណ្តាលវាំងនន កណ្តាលសំលេងរំខាននយោបាយជុំវិញពិភពលោក ទៅនឹងរបៀបវារៈពិភពលោក ហើយគ្មាននរណាម្នាក់ធ្វើឱ្យរឿងនោះកើតឡើងលើសពី នាងThunberg នោះឡើយ។
ដោយចំណាយរយៈពេលមួយឆ្នាំឈប់រៀនដើម្បីធ្វើយុទ្ធនាការសកម្មភាពអាកាសធាតុ, នាងThunberg គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៊ិក កាណាដា និងអាមេរិកខាងត្បូង ដើម្បីជួបជាមួយសកម្មជនបរិស្ថាន និងមើលឃើញដោយផ្ទាល់នូវតំបន់ដែលរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ៕ ប្រែសម្រួលដោយ៖ thach yat