តាមសេចក្តីរាយការណ៍នៅអង់គ្លេសបានឱ្យដឹងថា ក្លិបតោខៀវ Chelsea គ្រោងនឹងដាក់សំណើផ្ទេរយកអ្នកចាំទី Dean Henderson របស់ Manchester United ដែលកំពុងដាក់ឱ្យ Sheffield United ខ្ចីជើង។
តាមសេចក្តីរាយការណ៍របស់កាសែតកីឡា The Sun បានឱ្យដឹងថា Chelsea កំពុងសម្លឹងឃើញពីសក្ដានុពលកីឡាកររបស់ក្លិប Man Utd រូបនេះ ក្នុងការផ្លាស់មកជួយក្លិបនៅថ្ងៃអនាគត បន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga។
Kepa បានផ្លាស់មកទឹកដី Stamford Bridge ក្នុងតម្លៃខ្លួនកំណត់ត្រាជាអ្នកចាំទីថ្លៃជាងគេកាលពីឆ្នាំ២០១៨ ពោលគឺ ៧១លានផោន ឬប្រមាណ ៨៧លានដុល្លារ។ ចាប់តាំងពីផ្លាស់មក រូបគេមិនសូវបង្ហាញទម្រង់លេងល្អដូចកាលនៅក្លិបចាស់ Athletic Bilbao សោះ ម្លោះហើយទើបធ្វើឱ្យលោក Frank Lampard ងាកមកចាប់អារម្មណ៍លើអ្នកចាំទី Henderson វិញម្តង។ ប្រភពដដែលបានអះអាងថា Chelsea គ្រោងនឹងដាក់សំណើ ៥០លានផោន ទៅឱ្យ Man Utd ដើម្បីផ្ទេរនៅរដូវក្តៅនេះតែម្តង។
កីឡាករអន្តរជាតិអង់គ្លេសវ័យ២៣រូបនេះ បង្ហាញខ្លួនឱ្យ Sheffield បានចំនួន ២៩ប្រកួត ហើយរក្សាសំណាញ់ទី (clean sheet) ១១ដងផងដែរ ខណៈពេលដែល Kepa ធ្វើបានត្រឹមតែ ៦ដងប៉ុណ្ណោះ នៅក្របខ័ណ្ឌ Premier League រដូវកាលនេះ។
កាលពីពេលថ្មីៗនេះ Sheffield ទើបតែចុះកុងត្រារយៈពេលខ្លីជាមួយ Henderson ដែលមានសុពលភាពដល់បញ្ចប់យុទ្ធនាការនេះ បន្ទាប់មកសាមីខ្លួននឹងវិលត្រឡប់ទៅទឹកដី Old Trafford វិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ talksport