ខេត្តសៀមរាប ៖ ខេត្តមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលរួមមានខេត្តសៀមរាបផងនោះ កំពុងរងផលប៉ះពាល់ ដែលបណ្តាលមកពីសំណល់ជាតិផ្ទុះ ដែលនៅសេសសល់ពីសង្គ្រាមលើផ្ទៃដីប្រមាណ ១០០០ គីឡូម៉ែតការ៉េ ឬដែលស្មើនឹង៣ដងនៃទំហំខេត្តកែប។ ចំនួនដ៏ច្រើនលើសលប់នេះបានធ្វើឲ្យចំនួនជនពិការ ដែលបណ្តាលមកពីគ្រោះថ្នាក់នៃគ្រាប់មីន មានប្រមាណ ៤០ ០០០នាក់។
ដូចនេះក្នុងប្រទេសកម្ពុជា មានអង្គការជាច្រើនដែលកំពុងរួមគ្នា ក្នុងការរំដោះមីនចេញពីផ្ទៃដីក្នុងប្រទេស មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO ដែលជាអង្គការហ្វឹកហាត់កណ្តុរអាហ្វ្រិកសម្រាប់ប្រតិបត្តិការស្វែងរកមីន ជាដើម។ល។
ក្នុងចំណោមស្ត្រីជាង ១០ នាក់ ដែលបាន ធ្វើការក្នុង APOPO អ្នកនាង ឆប សុគន្ធ មានវ័យ ២៥ ឆ្នាំ បានចូលបំរើការក្នុងអង្គការនេះ អស់រយៈពេល ១ ឆ្នាំ កន្លះហើយ អ្នកនាង បាននិយាយថា ការហ្វឹកហាត់ និងការធ្វើការជាមួយសត្វកណ្តុរនេះ ហាក់មានភាពស្និទ្ធស្នាល ជាការវឹកហាត់ជាមួយសត្វឆ្កែ។
មានវ័យ ២៥ ឆ្នាំ និងមានស្រុកកំណើតក្នុងខេត្តសៀមរាប អ្នកនាង សុគន្ធ បានបន្តថា «មុនដំបូងខ្ញុំចូលធ្វើការបានត្រឹមតែពីថ្ងៃទេ ខ្ញុំហ៊ានប៉ះវាហើយ វាមិនកាចនិងមិនខាំនោះទេ មិនដូចសត្វឆ្កែវាកាច ខ្ញុំរាងខ្លាចតិចៗដែរ។ ហើយសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តធ្វើការជាមួយសត្វកណ្តុរជាង ដោយសារវាស្លូត ហើយស្រួលសហការ វាមិនខាំទេ តែវាក្រញ៉ៅយើង នៅពេលយើងលើវាដាក់លើស្មា ឬដៃ ដោយសារវាខ្លាចធ្លាក់ ហើយម្យ៉ាងសត្វនេះពូកែហិតក្លិន និងឆ្លាតណាស់ ហើយប្រសិនយើងចេះចាប់ ចេះកាន់វា វាមិនក្រញ៉ៅយើងនោះទេ»។
អ្នកនាង សុគន្ធ បានបន្ថែមថា «ខ្ញុំគិតថាខ្លាចដែរ នៅពេលទៅចំការមីន ប៉ុន្តែនៅពេលយើងបានធ្វើការ និងវឹកហាត់ជាមួយសត្វកណ្តុរ ការការវឹកហាត់ពីរបៀបរបប និងតិចនិក មកយើងអាចដើរចូលក្នុងចំការមីនបាន។ ក្នុងការវឹកហាត់ ជាមួយកណ្តុរនិងការងារហើយ ក្នុងរយៈពេល ១ខែ កន្លះយើងចុះអនុវត្តផ្ទាល់ក្នុងផ្ទៃដីដែលមានមីននោះ។ ហើយការចុះអនុវត្ត គឺមានការប្រុងប្រយ័ត្នខ្ពស់ និងមានគ្នីគ្នា មានពាក់អាវ និងសំភារៈការពារ និងមានសញ្ញាដាក់ជាច្រើនផងដែរ»។ ដោយមានការជ្រើសរើស និងការរកប្រាក់ចំណូលទៀតទាត់ និងដើម្បីមានជីវភាពគ្រាន់បើជាងមុនអង្គការ APOPO បានព្យាយាមជ្រើសរើស ស្ត្រីឱ្យជាងច្រើន ដើម្បីឱ្យបានបំរើការក្នុងអង្គការមួយនេះ ព្រោះអង្គការចង់ឱ្យស្ត្រីមានការងារធ្វើច្រើន ដើម្បីកាត់បន្ថយភាពក្រីក្រផងដែរ និងសមភាពយ៉េនឌ័រ។ ហើយក្នុងការជ្រើសរើសនេះផងដែរ អង្គការជ្រើសរើសទៅលើអ្នកដែលមានជីវភាពក្រីក្រ។
«ខ្ញុំពីមុនធ្វើស្រែចំការ ដោយឃើញថាវាមិនត្រឹមតែជួយ ជីវភាពខ្ញុំនោះទេ តែជាកិច្ចការប្រទេសជាតិទាំងមូល មានន័យថាខ្ញុំអាចជួយមនុស្សជាច្រើនទៀត ដែលគាត់មិនជួបគ្រោះថ្នាក់ពីមីន ឱ្យឆ្លងផុតពីការផ្ទុះគ្រាប់មីនដែលកប់ក្នុងដី ក្រោយសង្គ្រាមនោះ។ ហើយការសម្រេចចិត្តនេះ ខ្ញុំមិនបានសោកស្តាយនោះទេ បើទោះបីខ្ញុំត្រូវដើរកាត់ចំការមីន សឹងតែរាល់ថ្ងៃក៏ដោយ»។ ចាប់តាំងពីឆ្នាំ ២០១៥ APOPO បាននាំយកកណ្តុរហិតមីនពីទ្វីបអាហ្វ្រិក ចំនួន ៤៣ក្បាលមកកាន់ប្រទេសកម្ពុជាជាលើកដំបូងដើម្បីធ្វើការស្វែងរកមីន។ ដោយសារតែភាពវ័យឆ្លាតពីធម្មជាតិ ក្នុងការហិតក្លិន កណ្តុរហិតមីនមួយអាចធ្វើប្រតិបត្តិការហិតស្វែងរកមីនក្នុងទំហំដី ៤០០ម៉ែតការ៉េក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុននោះ បើប្រៀបធៀបទៅនឹងក្រុមអ្នកបោសសំអាតមីនដែលប្រើពេលរហូតដល់៦ថ្ងៃ។ គួរបញ្ជាក់ផងដែរថា APOPO គឺជាអង្គការដំបូងគេដែលបានធ្វើការសិក្សានិងហ្វឹកហាត់កណ្តុរអាហ្វ្រិកសម្រាប់ប្រតិបត្តិការស្វែងរកមីន ដើម្បីរួមបញ្ចូលនៅក្នុងវិធីសាស្ត្រនៃការស្វែងរកមីនដទៃទៀត។ ការរួមបញ្ចូលប្រតិបត្តិការកណ្តុរហិតមីននេះ បានពន្លឿនដល់បេសកកម្មស្វែងរកនិងកំចាត់មីនដែលរហូតមកដល់បច្ចុប្បន្ន ក្រុមការងារ APOPO បានធ្វើការបោសសំអាតមីនលើផ្ទៃដីសរុប១៨ ៤៦៩ ៥៤៩ ម៉ែតការ៉េនៅទូទាំងប្រទេសកម្ពុជា និងបានរកឃើញគ្រាប់មីនចំនួន ៥៧៥៩ និងសំណល់ជាតិផ្ទុះចំនួន ៤០៩៥៤៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព