សំបុកសត្វអណ្តើកសមុទ្រមួយទៀតដែលមានពងប្រហែល ៧០គ្រាប់ ត្រូវបានគេរកឃើញនៅលើកោះសាមុយកាលពីយប់ថ្ងៃសៅរ៍ដែលធ្វើឱ្យចំនួនសំបុកដែលរកឃើញនៅលើកោះក្នុងឆ្នាំនេះកើនឡើងដល់ ១៧សំបុក។
អភិបាលខេត្ត Surat Thani លោក Wichwut Jinto បានមានប្រសាសន៍ថាការរកឃើញនេះត្រូវបានរាយការណ៍ដោយអភិបាលស្រុកកោះ Samui លោក Thiraong Chuaychu កាលពីថ្ងៃអាទិត្យ។ សំបុកនេះត្រូវបានរកឃើញដោយអ្នកភូមិនៅឯឆ្នេរ Laem So នៅទល់មុខសណ្ឋាគារ Ban Sai Ree ក្នុងសង្កាត់ tambon Taling Ngam មានចម្ងាយប្រហែល ១០០ម៉ែត្រពីសំបុកមួយទៀតដែលនៅខាងមុខសណ្ឋាគារ Villa Kalyana Koh Samui ។ ចាប់ពីខែកុម្ភៈមក គេរកឃើញសំបុកសត្វអំណើ្តកសមុទ្រនៅលើកោះសាមុយចំនួន១៥ ដែលក្នុងនោះមានសំបុក៥ បានរកឃើញនៅលើឆ្នេរទល់មុខសណ្ឋាគារ Banyan Tree Samui, ៥សំបុករកឃើញនៅលើឆ្នេរខាងមុខ Silavadee Pool Spa, ៦សំបុករកឃើញនៅលើឆ្នេរ Laem So និង ១សំបុកនៅលើឆ្នេរ Thong Yang។ សំបុកចំនួន៧ មានពងសរុបចំនួន ៧៥៥គ្រាប់។ ចំណែក១០សំបុកផ្សេងទៀតគេមិនបានរាប់នោះទេ ប៉ុន្តែគេរំពឹងថាវាមានពងសរុបលើសពី១០០០គ្រាប់។ ក្នុងចំណោមពងក្នុងសំបុកទាំង១៧ មានពង ២៧១គ្រាប់ហើយដែលញាស់ ចំណែកឯពងដែលនៅសល់ត្រូវគេរំពឹងថានឹងញាស់នៅចុងខែនេះ ឬអាចរហូតដល់ចុងខែសីហា។
អ្នកបរិស្ថានវិទ្យា សិក្សាផ្នែកសមុទ្រដ៏ល្បីល្បាញឈ្មោះលោក Thon Thamrongnawasawat សាកលវិទ្យាធិការរងមហាវិទ្យាល័យជលផលនៃសាកលវិទ្យាល័យ Kasetsat បានបង្ហាញការរីករាយចំពោះការរកឃើញសំបុកអណ្តើកថ្មីមួយទៀត។ កាលពីថ្ងៃចន្ទ លោក Thon បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា ការរកឃើញសំបុកអណ្តើកមួយទៀតគឺជាររឿងអស្ចារ្យណាស់ ហើយចំនួនសំបុកទាំង ១៧ ដែលគេរកឃើញវាហួសពីការរំពឹងទុកទៅទៀត។ សមុទ្រនឹងមានជីវិតរស់រវើកឡើងវិញដោយសារមានមនុស្សតិចនៅលើកោះសាមុយ។ លោកជឿជាក់ថាកូនអណ្តើកជាង ៥០០ក្បាល នឹងញាស់នៅលើកោះហើយពួកវាធ្វើដំណើរទៅក្នុងសមុទ្រនៅឆ្នាំនេះ។ ការបង្ហោះសាររបស់លោកពិតជាមានភាពទាក់ទាញ ហើយក្នុងនោះគេឃើញមានការឆ្លើយតបជាច្រើននៅលើហ្វេសប៊ុក។ អ្នកឆ្លើយតបខ្លះបាននិយាយថា ឧទ្យានសមុទ្រជាតិគួរតែបន្តការបិទសម្រាប់ភ្ញៀវទេសចរពី ៣ ទៅ ៦ខែក្នុងមួយឆ្នាំដើម្បីអនុញ្ញាតឱ្យធម្មជាតិមានឱកាសបង្កើតនូវអ្វីថ្មីៗ និងបានសម្រាកលំហែដោយគ្មានការរំខានពីសំណាក់មនុស្ស។
កែសម្រួលដោយ៖ ភារ់ា
ប្រភព៖ Bangkok Post