បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវជាម៉ន ក្រុមទី២៧ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ខណៈម្ចាស់ផ្ទះចាក់សោចោល រួចចេញទៅផ្សារ ស្រាប់តែមានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែភ្លើងមិនបានឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ។
លោកឧត្តមសេនីយ៍ត្រី សំ សុជាតិ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យបានប្រាប់នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះថា ករណីឆេះផ្ទះប្រជាពលរដ្ឋខាងលើមានទំហំ១០ម៉ែត្រគុណ១៥ម៉ែត្រ កម្ពស់៧ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រាក់ហ្វ៊ីប្រ៉ូ មានម្ចាស់ផ្ទះឈ្មោះ ត្រាំ ណូរ៉ាន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិឃុំកើតហេតុខាងលើ ។ តាមការសន្និដ្ឋាន និងវាយតម្លៃ ទំហំនៃការខូចខាតផ្ទះខាងល់អស់ទឹកប្រាក់ប្រហែលជាង១ម៉ឺនដុល្លារ មូលហេតុដោយសារម្ចាស់ផ្ទះបានចាក់សោរចោល រួចចេញទៅផ្សារ ហើយឆេះខ្សែភ្លើងធ្លាក់ទៅលើខោអាវ ទើបបង្កឱ្យមានអគ្គិភ័យឆេះរាលដាលដល់ផ្ទះទាំងមូលតែម្តង។
លោកបានបញ្ជាក់ថា បន្ទាប់ពីមានករណីឆេះផ្ទះមួយខ្នងខាងលើរួចមក កម្លាំងនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលខេត្តសៀមរាប ១ គ្រឿង ដោយប្រើទឹកអស់១រថយន្ត និងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តមួយគ្រឿង ប្រើទឹកអស់១រថយន្ត ទើបអាចរលត់បានទាំងស្រុង ដោយភ្លើងមិនបានឆេះឆ្លងដល់ផ្ទះអ្នកជិតខាងឡើយ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព