Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក កឹម សុខា បន្តចុះតាមខេត្ត បន្ទាប់ពីស្ងាត់មួយរយៈពេលតុលាការព្រមាន​

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ចុះ​តាម​ខេត្ត បន្ទាប់​ពី​ស្ងាត់​មួយ​រយៈពេល ក្រោយ​តុលាការ​ព្រមាន ។

លោក ចាន់ ចេ​ន មេធាវី​លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ នេះ លោក កឹ​ម សុខា បាន យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា និង​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង ។

យោង​តាម​វី​ឌី​អូ​ឃ្លី​បលោក ខណៈ​កំពុង​ចែក​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​លោក កឹ​ម សុខា​បាន​និយាយ​ថា ចែក​ម៉ាស់ ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ចំណែក លោក មុត ច​ន្ថា​នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក​ប្រធាន កឹ​ម សុខា បាន​យក​ដើម​ក្រ​ញូ​ង​ប្រគេន​ព្រះសង្ឃ និង​ដាំ​ដើម​ក្រ​ញូ​ង​នៅ​ទី​វត្ត​អារាម ដើម្បី​ចូលរួម​អភិរក្ស​ឈើប្រណិត និង​ការពារ​បរិស្ថាន​បៃតង ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០២០ តុលាការ​ដាស់តឿន លោក​កឹ​ម សុខា ក្រោយ​មើលឃើញ​ថា ការ​ចុះ​ទៅ​ខេត្ត​របស់​លោក​អាច​ឈាន​ទៅ​បំពាន​កាតព្វកិច្ច ។ ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ភ្នំពេញ​បាន​ចេញ​មក​ក្រើន​រំ​ឮ​ក​លោក​កឹ​ម សុខា ឱ្យ​គោរព​បាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ ការ​ក្រើន​រំ​ឮ​ក​នេះ គឺ​បន្ទាប់​ពី​លោក​កឹ​ម សុខា បាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៧ កាលពី​ពេល​ថ្មី​ៗ​នេះ​។ សម្រាប់​តុលាការក្រុង​ភ្នំពេញ សកម្មភាព​របស់​លោក កឹ​ម សុខា​នេះ អាច​នឹង​ឈាន​ទៅ​បំពាន​កាតព្វកិច្ច​ដែល​កំណត់​ដោយ​តុលាការ ។ ប៉ុន្តែ មេធាវី​បាន​អះអាង​ថា លោក​កឹ​ម សុខា យល់​ច្បាស់​ណាស់​ពី​អ្វី​ដែល​អាច និង​មិន​អាច​ធ្វើ ។

ការ​ក្រើន​រំ​ឮ​ក​របស់​តុលាការក្រុង​ភ្នំពេញ​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​លោក​កឹ​ម សុខា នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ។ គឺ​តាម​លិខិត​នេះ​តុលាការក្រុង​ភ្នំពេញ​បាន​ប្រាប់​លោក​កឹ​ម សុខា ត្រូវ​មាន​ស្មារតី​គោរព​ឱ្យ​បាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​រូប​លោក ។

បើ​តាម​តុលាការ ការ​ក្រើន​រំ​ឮ​ក​នេះ គឺ​ដើម្បី​ធានា​បានការ​គោរព​ចំពោះ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក៏​ដូច​ជា សន្តិសុខ​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​ស្របច្បាប់​របស់​លោក​កឹ​ម សុខា ដែល​ជា​ជនជាប់ចោទ​សម្រាប់​សវនាការ​បន្ត​នា​ពេល​ខាង​មុខ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តី​លោក​កឹ​ម សុខា បាន​ចាត់​ទុក​លិខិត​ក្រើន​រំ​ឮ​ក​របស់​តុលាការក្រុង​ភ្នំពេញ​នេះ​ថា អាច​ជា​ការ​ព្រមាន​ដល់​កូនក្តី​របស់​លោក ។ បើ​តាម​លោក​មេធាវី​ចាន់ ចេ​ន លោក​កឹ​ម សុខា តែងតែ​គោរព​ច្បាប់​ទាំង​ពេល​កន្លង​មក បច្ចុប្បន្ន និង​ទៅ​អនាគត ។

លោក​បាន​សង្កត់ធ្ងន់​ថា លោក​កឹ​ម សុខា យល់​ដឹង​ច្បាស់​ណាស់​នូវ​អ្វី​ដែល​អាច ឬ​មិន​អាច​ធ្វើ និង​ពេល​ណា​គួរ ឬ​មិន​គួរ​ធ្វើ ។ ការ​ក្រើន​រំ​ឮ​ក​របស់​តុលាការក្រុង​ភ្នំពេញ​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ចំនួន​៧​រួម​មាន ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពត ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តបន្ទាយមានជ័យ ។ ដោយ​អម​ជាមួយ​មេធាវី​ទៅ​ជាមួយ​ផង លោក​កឹ​ម សុខា បាន​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំងនេះ​ជា​ហូរហែរ ។ ក៏​ប៉ុន្តែ​សម្រាប់​តុលាការក្រុង​ភ្នំពេញ សកម្មភាព​របស់​លោក កឹ​ម សុខា​នេះ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ តុលាការក្រុង​ភ្នំពេញ​ចង់​សំដៅលើ​សកម្មភាព​ធ្វើ​នយោបាយ​ដែល​ត្រូវ​បាន​ហាមឃាត់​។

ចំពោះ​បញ្ហា​នេះ លោក​មេធាវី​ចាន់ ចេ​ន បាន​អះអាង​ថា ការ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ពេល​ចុះ​ទៅ​ខេត្ត​របស់​លោក​កឹ​ម សុខា គឺជា​ការ​ជួប​ដោយ​ចៃដន្យ និង​មិន​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន​នោះ​ទេ ហើយ​ការ​ជួប​នេះ​ទៀត​សោត​ជា​ការ​សួរសុខទុក្ខ​ធម្មតា​ប៉ុណ្ណោះ ។ សម្រាប់​លោក​មេធាវី​ចាន់ ចេ​ន ការ​ជួប​របៀប​នេះ​មិនមែន​ជា​សកម្មភាព​នយោបាយ​ទេ ហើយ​ក៏​មិន​ខុស​នឹង​ច្បាប់​ដែល​ហាម​នោះ​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​លោក កឹ​ម សុខា ជួប​មនុស្ស​ដែល​ស្រឡាញ់​រាប់អាន​រូប​លោក​ត្រឹមតែ​ចំនួន​តិចតួច​ក៏​ខុស​ដែរ​នោះ វា​អាច​ជា​ការ​បិទ​សេរីភាព​របស់​លោក​ទៅ​វិញ​ទេ ។

សូម​បញ្ជាក់​ថា លោក​កឹ​ម សុខា ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​ត្រូវ​គោរព​តាម​កាតព្វកិច្ច​សំខាន់​ៗ​ចំនួន​៣ គឺ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ។ កាតព្វកិច្ច​តម្រូវ​នេះ គឺ​ដោយសារ​តែ​លោក​កឹ​ម សុខា ជា​ជន​ត្រូវ​ចោទ​នៅ​ក្នុង​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សវនាការ​ជំនុំជម្រះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​កាលពី​ចុងខែ​មីនា​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩៕ រក្សាសិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9638516