មនុស្សភាគច្រើនតែងប្រាប់ខ្ញុំថា « សង្គមមនុស្សពិតជាគួរអោយខ្លាចខ្លាំងណាស់! ហេតុនេះហើយ ពួកគាត់តែងបដិសេធក្នុងការរាប់អានមនុស្ស និងសូម្បីតែនិយាយរកនរណាម្នាក់ » ដែលខ្ញុំមិនបានគិតដូចនោះសោះថា នឹងត្រូវតែធ្វើបែបនេះតាមពួកគាត់។
នៅពេលដែលមនុស្សបានឆ្លងកាត់ពិសោធន៍ឈឺចាប់មួយ គ្រប់គ្នានឹងយល់ថា ពិភពលោកនេះពោពេញដោយភាពខ្មៅងងឹត ហើយមនុស្សគឺកាន់តែមិនគួរអោយទុកចិត្ត។ ក្រោយការឈឺចាប់ដ៏ធ្ងន់ធ្ងរមួយរបស់ខ្លួន មនុស្សក៏ចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯង ទៅជាអ្វីមួយផ្សេងដែលអត្មានិយម ក៏ព្រោះតែខ្លួនយល់ថា ជាខែលការពារដ៏ល្អបំផុតសម្រាប់ខ្លួនឯង។
ប្រតិបត្តិការការពារខ្លួននេះហើយ ដែលបង្កើតបានទៅជាការសង្ស័យច្រើនទៅលើមនុស្សជុំវិញខ្លួន។ ចាប់ផ្តើមបាត់បង់ទំនុកចិត្ត លែងជឿជាក់ និងតែងតែធ្វើខ្លួនជាមនុស្សក្លែងក្លាយចំពោះគ្នានិងគ្នា។ ហេតុតែមិនចង់អនុញ្ញាតអោយខ្លួនឯង ត្រូវគេខ្សែលើ ខ្លួនក៏សុខចិត្តខ្សែលើលើអ្នកដទៃដោយមិនខ្វល់ថា អ្នកនោះជាអ្នកណា។
« បើគេមិនស្លាប់ យើងស្លាប់ » សុភាសិតនេះ បានចាក់ឬសជ្រៅខ្លាំងបំផុតក្នុងការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស ចាប់តាំងពីសម័យកាលមុនមកម្ល៉េះ…។
គ្មាននរណាម្នាក់អាចវាយតម្លៃលើភាពខុស និងត្រូវនៃចិត្តអត្មានិយមនេះច្បាស់លាស់បាននោះទេ។ ប៉ុន្តែ យើងក៏អាចសន្មត់បានថា វាកើតឡើងបានដោយរបៀបណា (ភាពអត្មានិយម មិនមែនសុទ្ធតែជារឿងខុសឆ្គងនោះទេ។ មនុស្ស! គប្បីត្រូវខ្វល់ពីខ្លួនឯងជាជាងអ្នកដទៃ ប៉ុន្តែក៏មិនត្រូវសាងការឈឺចាប់អោយគេដែរ) ។
ដើម្បីចំណុះនឹងសង្គមមនុស្ស ចាំបាច់ត្រូវប្រើភាពឆ្លាតវៃដើម្បីរស់នៅ (ភាពបត់បែន ទេពកោសល្យ ការអត់ធ្មត់ ព្រមអន់តែមិនចុះចាញ់ ចំណេះនិងជំនាញ -ល-) ។
សង្គម គឺពោពេញដោយភាពប្រកួតប្រជែង ហេតុនេះហើយ វាតម្រូវអោយមនុស្សបន្តរីកធំធាត់អោយដូចជាធម្មជាតិ គឺធម្មជាតិ ដែលកំពុងតែប្រជែងលូតលាស់នឹងការបំផ្លាញរបស់គ្រោះធម្មជាតិយ៉ាងដូច្នេះដែរ។
គួរបន្ថែមភាពខ្លាំងអោយខ្លួនឯង ដើម្បីងើបចេញពីការគាបសង្កត់ ដោយមិនដើម្បីបំផ្លាញនរណាម្នាក់ឡើយ ដូច្នេះចូលប្រើភាពខ្លាំងរបស់អ្នកជាប្រយោជន៍ដល់សង្គម និងខ្លួនឯង៕