បុរសម្នាក់ជិះម៉ូតូទៅស្ទូងស្រូវក្នុងស្រែរបស់ខ្លួន ដោយចតចាក់សោ.ក ទុកចោលក្រោមដើមឈើ ស្រាប់តែត្រូវចោរលួចកាច់សោ.ក ជិះគេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ មង និត ភេទ ប្រុស អាយុ៣៦ឆ្នាំ មុខរបរករសិករ មានទីលំនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានបាត់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AA-4502 ។
ប្រភពបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅស្ទូងស្រូវក្នុងស្រែរបស់ខ្លួន រួចបានចតទុកម៉ូតូនៅក្រោមដើមអំពិលទឹក ក្បែរលូ ជិតផ្លូវជាតិលេខ៥៩ ដោយបានចាក់សោក. រួចក៏ដើរទៅក្នុងស្រែដែលមានចំងាយប្រហែល៤០០ម៉ែត្រ ធ្វើការស្ទូងស្រូវចុះឡើងៗ លុះក្រឡេកមកមើលម៉ូតូអត់ឃើញក៏ដើរទៅមើល ស្រាប់តែបាត់ម៉ូតូក៏ប្តឹងនគរបាលតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងស៊ើបអង្កេត និងស្វែងរកមុខសញ្ញា៕ ផ្តល់សិទ្ធដោយកោះសន្តិភាព