ប៉ូលិសហូល្លង់ បានចាប់ខ្លួនបាតុករ ប្រហែល៤០០នាក់ និងប្រើប្រាស់រថយន្ដបាញ់ទឹកបំបែក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្រោយអំពើហិង្សាបានផ្ទុះឡើង នៅទីក្រុងឡាអេ ប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល ដែលដាក់អនុវត្ត ដើម្បីរឹតត្បិតការឆ្លងរាតត្បាតវីរុសកូវីដ១៩ ។
បាតុកម្មដោយសន្តិវិធីមួយបានក្លាយទៅជាអំពើហិង្សា នៅពេលមនុស្សរាប់សិបនាក់ ដែលប៉ូលិសអះអាងថា ជាក្រុមគាំទ្រកីឡាបាល់ទាត់នោះ បានមកដល់ ហើយប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្ម នៅជិតស្ថានីយរថភ្លើង នាកណ្តាលទីក្រុង ។
មន្ត្រីប៉ូលិសបានប្រើប្រាស់សេះ និងឡានបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ក្រោយប៉ូលិសបានទទួលរងនូវការគប់ដោយដុំថ្ម និងគ្រាប់បែកសាំង ។ ទោះជាយ៉ាងណ ពុំមានរបាយការណ៍ភ្លាមៗនេះ ស្ដីអំពីអ្នករងរបួសនោះឡើយ។
ការប្រមូលផ្តុំបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា គេនៅមិនច្បាស់ថា មានបាតុករចូលរួមប៉ុន្មាននាក់នោះដែរ។ បាតុកម្មនេះមិនមានការអនុញ្ញាតពីអភិបាលក្រុងឡាអេនោះទេ កាលពីសប្តាហ៍មុន។ ការបាតុកម្មនៅថ្ងៃទី២១ ខែមិថុនា គឺមានការអនុញ្ញាតពីអភិបាលក្រុង សម្រាប់តែការជួបជុំក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពីព្រោះមានមនុស្សចូលរួមតិចជាងការព្យារកណ៍ ។
ប៉ូលិសបានបង្ហោះ នៅលើបណ្តាញសង្គម Twete របស់ខ្លួនថា រហូតមកដល់វេលារសៀល មនុស្សប្រហែល៤០០នាក់ ត្រូវបានចាប់ខ្លួនពេញមួយថ្ងៃនោះ ហើយថា ភាគច្រើនក្នុងចំណោមពួកគេ ត្រូវបានដោះលែងវិញ។
ចៅហ្វាយក្រុងឡាអេ បានចេញសេចក្ដីថ្លែងការណ៍មួយថា ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ និងក្រុមដទៃផ្សេងទៀត បានចូលមកកាន់ទីក្រុងនេះ គឺមកពីជុំវិញប្រទេសហូល្លង់តែម្តង ។
អភិបាលក្រុង Johan Remkes ថ្លែងការណ៍ថា «នេះមិនមែនជាអ្វីដែលត្រូវធ្វើ ឬជាសិទ្ធិបញ្ចេញមតិនោះឡើយ ។ ក្រុមនេះមានចេតនាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈរបស់ប៉ូលិស» ។
ក្រុមបាតុករបានជំរុញថា ច្បាប់ដែលបានស្នើដើម្បីអនុវត្តវិធានការប្រឆាំងកូវីដ១៩នោះ វាមានកម្រិតធ្ងន់ធ្ងរ និងអធម្មនុញ្ញភាព ៕ ប្រែសម្រួលដោយ៖ thach yat