ពិធីសែនក្បាលទឹក ឬបុណ្យភ្ជុំចិនជាប្រភេទបុណ្យប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិននិយមធ្វើជារៀងរាល់ឆ្នាំដោយមានការកត់សម្គាល់ថាតាំងពីព្រលឹមស្រាងៗនាថ្ងៃសែនក្បាលទឹកនោះ គេសង្កេតឃើញមានបងប្អូនជនជាតិចិន វៀតណាមដែលរស់នៅភ្នំពេញ ក៏ដូចជាខ្មែរសែស្រឡាយកាត់ចិនមួយចំនួនបាននាំគ្នារួតរះទៅផ្សារទិញម្ហូបចំណីអាហារ ផ្លែឈើ ពិសេសជ្រូកខ្វៃ ទាខ្វៃ មាន់ខ្វៃ រួមទាំងនំពងទាផងដែរ ហើយយកមកដាក់សែនទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនហៅថា សែនក្បាលទឹក ខ្មែរហៅថាភ្ជុំរបស់ចិន ។
នៅឆ្នាំ២០២០នេះថ្ងៃសែនក្បាលទឹកត្រូវនឹងថ្ងៃពុធ ទី២ ខែកញ្ញា គឺនៅតែប៉ុន្មានថៃ្ងខាងមុខនេះនឹងដល់ថ្ងៃសែនក្បាលទឹកហើយ ។ សែនក្បាលទឹកត្រូវបានគេរៀបចំចែកជាពីរដំណាក់កាលគឺ លើកទី១នៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា និងលើកទី២ នៅពេលល្ងាច គឺសែនដល់ខ្មោចព្រាយបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ ដែលគ្រួសារខ្លះ គេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់ សែនបាយសម្លម្តងទៀត ក៏សន្មតថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀត តាមជំនឿ និងធនធានដែលខ្លួនមាន ។
បន្ទាប់ពីសែនព្រែនរួចហើយក៏នៅមានធ្វើពិធីដុតបូជាវត្ថុនិងក្រដាសសែនផ្សេងៗ មានលុយ ឡាន វីឡា មាសប្រាក់សម្លៀកបំពាក់ជាដើមតាមជំនឿរៀងៗខ្លួន ហើយសុំផ្សងមកវិញនូវពរជ័យ សុខសប្បាយ រកស៊ីមានបានរស់នៅដោយសិរីមង្គលតរៀងទៅ ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព